(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់មហាជនកុំឲ្យមានការភ័ន្តច្រឡំ នឹងការលើកឡើងមិនពិត នៅក្នុងសេចក្តីថ្លែងការណ៍ របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងដំណើរការនៃការជំនុំជម្រះ លើជនជាប់ចោទឈ្មោះកឹម សុខា អំពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
សេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ គឺជាថ្ងៃដំបូងនៃសវនាការជំនុំជម្រះ លើសំណុំរឿងរបស់ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
គណបក្សសញ្ជាតិកម្ពុជា បានចូលរួមស្ដាប់ នៅក្នុងដំណើរការនេះជំនុំជម្រះនេះ តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ពុំដែលមានអវត្តមានម្ដងណាឡើយ។ គណបក្សសញ្ជាតិកម្ពុជា សង្កេតឃើញថា រាល់ការលើកឡើងរបស់គ្រប់ភាគីទាំងអស់ នៅក្នុងដំណាក់កាលសួរដេញដោលទៅលើជនជាប់ចោទឈ្មោះ កឹម សុខា នៃសវនកាជំនុំជម្រះនេះ មិនបានធ្វើឱ្យមានការប៉ះពាល់ដល់សហរដ្ឋអាមេរិក រដ្ឋបរទេស អង្គការបរទេសណាមួយឡើយ។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះថា "យើងមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញា បានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក" មិនឆ្លុះបញ្ចាំងទៅនឹងសភាពពិតជាក់ស្ដែង នៅក្នុងអង្គសវនាការនោះទេ ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ ទៅលើជនជាប់ចោទឈ្មោះ កឹម សុខា តែប៉ុណ្ណោះ»៕