(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអញ្ជើញចូលរួម បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ សម្តេចបានចេញមកទាត់ចោលនូវការផ្សាយព័ត៌មានក្លែងក្លាយ ផ្សាយដោយទូរទស្សន៍បរទេសមួយ ដែលថាសម្តេចបានឆ្លង ឬប្រហែលឆ្លងជំងឺ Covid-19 ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថាសុខភាពរបស់សម្តេចនៅល្អមាំមួន និងមិនមានការឆ្លងជំងឺ Covid-19 ដូចការចុះផ្សាយបំភ្លៃរបស់ទូរទស្សន៍បរទេសនោះទេ ពោលគឺ នៅព្រឹកថ្ងៃនេះសម្តេចបានបង្ហាញវត្តមាន ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយថ្ងៃស្អែកសម្តេចនឹងអញ្ជើញទៅចូលរួមបុណ្យទន្លេ នាខេត្តបាត់ដំបងផងដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការប្រឆាំងជាដាច់ខាតនូវព័ត៌មានក្លែងក្លាយ ដែលវាជាជំងឺកាចសាហាវ ជាងជំងឺ Covid-19 ទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លង កូវីត១៩ទៅហើយ។
ពេលនេះខ្ញុំ កំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥ មីនា ២០២០។ កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះ ទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។
សូមបងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថា នៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀត លើចំនួនដែលបានឆ្លងរួចមកហើយ ចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់ និង ចិន១នាក់ ដែលបានព្យាបាលជាសះស្បើយរួចហើយ»៕