(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តរួចហើយដោយសំឡេង១១៦លើ១១៨ ក្នុង សម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះ ដឹកនាំដោយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលផងដែរ។
យោងតាមសេចក្តីថ្លែងហេតុរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្ត ដែលរួមមាន ៨មាត្រា និងខ្លឹមសារសង្ខេប សំខាន់ៗដូចខាងក្រោម៖
*មាត្រា១ ដល់មាត្រា៤ កំណង់អំពីឈ្មោះក្រសួងថ្មី សមត្ថកិច្ចរបស់ក្រសួង និងសមត្ថកិច្ចដឹកនាំគ្រប់គ្រងក្រសួង។
*មាត្រា៥ កំណត់អំពីបទប្បញ្ញត្តិដើម្បីធានាបាននិរន្តរភាព នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
*មាត្រា៦ កំណត់ពីបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំក្រសួង តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់
*ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលត្រូវមានអានុភាពអនុវត្តន៍ទៅមុខទៀត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស *ស្របតាមបទបញ្ញត្តិនៃច្បាប់ថ្មីនេះ។
*មាត្រា៧ ដល់មាត្រា៨ កំណត់អំពីការនិរាករណ៍ច្បាប់ និងការប្រកាសឲ្យប្រើច្បាប់ជាការប្រញាប់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឯកភាពឲ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។
ការឯកភាព បានធ្វើឡើងបន្ទាប់ពីមានសំណើរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនាពេលបច្ចុប្បន្ននេះ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការយល់ព្រមឲ្យប្តូរឈ្មោះក្រសួងហើយនោះ រាជរដ្ឋាភិបាល ក៏យល់ព្រមឲ្យធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារគតិយុត្តផ្សេងៗ ដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងដែលប្តូរឈ្មោះថ្មីនេះផងដែរ។
ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏ឯកភាពឲ្យបង្កើតអង្គភាពថ្មីពីរទៀត គឺអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំងពីរនេះ គឺពុំមានការតម្រូវឲ្យបន្ថែមនូវក្របខណ្ឌរដ្ឋនោះទេ ពោលគឺប្រើប្រាស់ក្របខណ្ឌទាំងឡាយដែលកំពុងមាន ហើយពាក់ព័ន្ធដល់ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រាជរដ្ឋាភិបាល ក៏បានណែនាំឲ្យផ្តល់ការងារយកចិត្តទុកដាក់ គាំទ្រ និងបង្កលទ្ធភាពទៅតាមសភាពជាក់ស្តែង នៃតម្រូវការរបស់អង្គភាពទាំងពីរថ្មី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីបណ្តាស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា ឲ្យទទួលបានប្រសិទ្ធភាព និងទូលំទូលាយក្នុងប្រយោជន៍ជំរុញឲ្យវិស័យវិទ្យាសាស្ត្រ មានការរីកចម្រើន និងផ្ទេរបច្ចេកវិទ្យាស្របតាមបរិបថ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើមឡើយមានឈ្មោះថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ លុះនៅអាណត្តិទី៥ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រសួងថ្មីមួយទៀតឈ្មោះថា ក្រសួង «រ៉ែ និងថាមពល» ដូច្នេះក្រសួង «ឧស្សាហកម្ម រ៉ែ និងថាមពល» ត្រូវបានប្តូរឈ្មោះទៅជាក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» វិញ៕