(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ត្រូវបានរដ្ឋសភាកម្ពុជាអនុម័តរួចហើយ ដោយសំឡេង១១៨ លើ១១៨ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលផងដែរ។
យោងតាមសេចក្តីថ្លែងហេតុ ដែលអានដោយស ម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពិធីសារទីពីរ ស្តីពិវិសោនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ ត្រូវបានចុះហត្ថលេខានៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងតំណាងរដ្ឋាភិបាល នៃរដ្ឋសមាជិកអាស៊ានដទៃទៀត។
ពិធីសារនេះមានគោលដៅបង្កើតរបបវិនិយោគសេរី និងបើកចំហរនៅក្នុងអាស៊ាន ដើម្បីសម្រេចនូវគោលដៅចុងក្រោយ នៃសមាហរណកម្មសេដ្ឋកិច្ច ក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ពិធីសារនេះត្រូវបានតាក់តែងជា ៣មាត្រា ក្នុងនោះមានមាត្រា១៖ ចែងអំពីវិសោធនកម្មចំពោះនិយមន័យនៃ «រូបវ័ន្តបុគ្គល» មាត្រា២៖ ចែងអំពីវិសោនធនកម្មមាត្រា៧ (ការហាមឃាត់លក្ខណ្ឌតម្រូវឲ្យបំពេញកាតព្វកិច្ច) និងមាត្រា៣៖ ចែងអំពីអវសាន្តប្បញ្ញត្តិ។
ពិធីសារទីពីរនេះ ធ្វើវិសោនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដែលតទៅនេះហៅថា កិច្ចព្រមព្រៀងមេ ត្រង់ពីរចំណុចដូចខាងក្រោម៖
១៖ មាត្រា១ នៃពិធីសារបានកែសម្រួលកិច្ចព្រមព្រៀងមេត្រង់មាត្រា៤ (និយមន័យ) ត្រង់កថាខណ្ឌរង (ឆ) ដែលចែងអំពីប្រតិកម្មចំពោះអ្នកវិនិយោគ ដែលជានិវេសនជន។ កន្លងមក ថ្វីបើនិយមន័យនៃអ្នកវិនិយោគនៅក្នុងកិច្ចព្រមព្រៀងមេ ក្តោបយកទាំងនិវេសនជន និងពលរដ្ឋនៃរដ្ឋសមាជិកអាស៊ានក៏ពិតមែន ប៉ុន្តែរដ្ឋទាំងអស់បានធ្វើការរក្សាសិទ្ធិ របស់ខ្លួនមិនផ្តល់ប្រព្រឹត្តកម្ម ដូចគ្នារវាងអ្នកវិនិយោគ ដែលជាពលរដ្ឋរបស់អាស៊ាន និងអ្នកវិនិយោគដែលជានិវេសនជនរបស់អាស៊ានទេ។ ការរក្សាសិទ្ធិនេះ បានអូសបន្លាយរហូតមកដល់ពេលនេះ ហើយប៉ះពាល់ដល់ប្រទេសដែលមានរបបនិវេសនជន ដូចជា សិង្ហបុរី ព្រុយណេ និងម៉ាឡេស៉ី។ ក្រោមហេតុផលនេះ ប្រទេសទាំង៣ បានស្នើគណៈកម្មាធិការវិនិយោគអាស៊ាន ដែលជាយន្តការមួយត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងមេ ពិនិត្យ និងលើកសំណើទៅកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន ដែលជាកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចវិនិយោគអាស៊ាន ដើម្បីពិនិត្យសម្រេចធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមេ។
ក្នុងន័យនេះ ការរក្សាសិទ្ធិនៅតែបន្តចំពោះរដ្ឋសមាជិកអាស៊ាន ដែលពុំទាន់មានរបបនិវេសនជនតែប៉ុណ្ណោះ ប៉ុន្តែរដ្ឋសមាជិកអាស៊ានណា ដែលមានរបបនិវេសនជនហើយ ត្រូវផ្តល់នូវអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ ដល់និវេសនជនដល់រដ្ឋសមាជិកអាស៊ានដទៃទៀត តាមគោលការណ៍បដិការ។ និយមន័យថ្មី នៃពិធីសារនេះ ទុកលទ្ធភាពដល់ប្រទេសដទៃទៀត ដូចជាកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ដល់អ្នកវិនិយោគដែលជានិវេសនជនផងដែរ នៅពេលអនាគត ប្រសិនបើប្រទេសទាំងនេះ មានរបបនិវេសនជន។
២៖ បន្ថែមលើវិសោធនកម្មត្រង់ចំណុចខាងលើ ពិធីសារទីពីរ ក៏បានលុបមួយកថាខណ្ឌនៃមាត្រា៧ របស់កិច្ចព្រមព្រៀងមេ ដែលកថាខណ្ឌនោះចែងជា «សមាជិកអាស៊ាន ដែលពុំមែនជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏ត្រូវអនុវត្តកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងនេះ ដូចដែលខ្លួនប្តេជ្ញាអនុវត្តដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដែរ»។ សាវតា ឃ្លានេះត្រូវបានតាក់តែងដើម្បីតម្រូវប្រទេសឡាវ ដែលពេលនោះពុំទាន់ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ឲ្យអនុវត្តន៍ជាមុននូវកាតព្វកិច្ចធានា ចំពោះការមិនតម្រូវកាតព្វកិច្ច ដល់អ្នកវិនិយោគនៃបណ្តារដ្ឋសមាជិកអាស៊ានដទៃទៀត ដូចកម្រិតដែលសមាជិកអាស៊ានផ្សេងៗ បានប្តេជ្ញាក្នុង TRIMs (Trade Related Invesment Measures) ដែលជាកាតព្វកិច្ចមួយផ្នែក នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ ការចែងបែបនេះ គឺចងប្រទេសឡាវតាមច្បាប់ ដើម្បីអ្នកវិនិយោគនៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន ទទួលបានប្រព្រឹត្តិកម្មស្មើគ្នា៕