(ភ្នំពេញ)៖ មន្ត្រីរាជការ អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនា ក៏ដូចជាអ្នកកាន់សាសនាឥស្លាមផង បានអំពាវនាវកុំឱ្យមានការរើសអើង ចំពោះខ្មែរ-ឥស្លាម បន្ទាប់ពីពួកគេបានឆ្លងជំងឺកូវីត១៩ ក្រោយចូលរួមពិធីសាសនានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ។

ខ្មែរ-ឥស្លាម ប្រមាណ១៩នាក់ ក្នុងចំណោម ៧៩នាក់ ដែលបានទៅចូលរួមក្នុងពិធីសាសនា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ពីការប្រណិប័តន៍សានានៅប្រទេសម៉ាឡេស៊ីនោះ។ បន្ទាប់ពីការរកឃើញបែបនេះនាំឱ្យមានការស្តីបន្ទោស និងលើកឡើងនូវមតិនានាចំពោះខ្មែរ-ឥស្លាមទាំងនោះផងដែរ។

ការស្តីបន្ទោស និងការលើកឡើងនូវមតិរិះគន់នានានេះ នាំឱ្យមានការព្រួយបារម្ភច្រើនចំពោះឥរិយាបថនោះ ហើយក៏មានការព្រួយបារម្ភឈាន ទៅដល់ការរើសអើងលើខ្មែរ-ឥស្លាមនៅកម្ពុជា។ គ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម ដែលជារឿងដ៏រីករាយមួយសម្រាប់កម្ពុជា ខណៈប្រទេសមួយចំនួនកំពុងមានជម្លោះផ្នែកសាសនា និងបង្កឱ្យមានអសន្តិសុខ ព្រោះតែជម្លោះសាសនា។

ឥរិយាបថនៃការស្តីបន្ទោស និងរិះគន់ផ្សេងៗពីសំណាក់ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា ឬកាន់សាសនា រហូតដល់មានទំនោរទៅរើសអើងចំពោះខ្មែរ-ឥស្លាមនេះ ក៏នាំឱ្យមានការព្រួយបារម្ភខ្លាចនាំឱ្យមានការបែបបាក់ ឬជម្លោះផ្នែកសាសនានៅក្នុងសង្គមខ្មែរ។

លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាខ្មែរ-ឥស្លាមដែរនោះ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋគ្រប់ជំនឿសាសនា កំពុងរស់នៅប្រកបដោយសុខដុមរមនីយកម្មនិងគ្នា បានសុខ និងមានសុវត្តិភាពពេញផ្ទៃប្រទេស ប្រកបដោយសុជីវធម៌ និងសីលធម៌ល្អ ដោយគ្មានការរើសអើងរវាងអ្នកកាន់សាសានាខុសគ្នានោះទេ។

តាមរយៈទំព័រ Facebook លោកស្រី បានអំពាវនាវកុំឱ្យមានការរើសអើងចំពោះខ្មែរ-ឥស្លាមថា «នាងខ្ញុំសុំចិត្ត និងសុំការយោគយល់ពី ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និងមហាមិត្តទាំងអស់ ជាពិសេសបងប្អូនខ្មែរមួយចំនួនតូច មេត្តាកុំរើសអើង កុំបង្កចលាចលដល់សង្គមជាតិ សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ និងមហាមិត្តទាំងអស់ មេត្តាកុំនាំគ្នារើសអើងដល់បងប្អូនខ្មែរកាន់សាសនាឥស្លាម យើងខ្មែរតែមួយ»

លោកស្រី បានលើកឡើងទៀតថា មេរោគកូវីដ១៩ ឆ្លងដោយមិនប្រកាន់ពូជសាសន៍នោះឡើយ ដូច្នេះការសហការគ្នាដើម្បីប្រយុទ្ធ និងទប់ស្កាត់នឹងមេរោគនេះជាជម្រើសមួយប្រសើរជាងការស្តីបន្ទោសឱ្យគ្នា។

លោកស្រី បានលើកឡើងបែបនេះ «យើងនាំគ្នា រួមគិត រួមទទួលខុសត្រូវ រួមគ្នាការពារ ប្រឆាំងនឹងរោគដ៏កាចសាហាវទាំងឡាយ។ បងប្អូនគួរពិចារណា មនុស្សយើងគេមិនខ្លាចឆ្លងរោគទេ គេខ្លាចបំផុតរោគភ័យខ្លាច រោគប៉ះប៉ោ និងរោគបាក់ទឹកចិត្ត ហេតុនេះមេត្តាចូលរួម និងតាំងចិត្តឱ្យបាននឹងន រោគនេះឆ្លងមិនប្រកាន់ជាតិសាសន៍ ប្រកាន់ឋានៈតួនាទី អ្នកមាន អ្នកក្រនោះទេ គ្មានអ្នកណាម្នាក់ចង់ឆ្លងរោគដ៏សាហាវមួយនេះទេ សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់មេត្តាយោគយល់ផង»

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានចេញមកអំបាវនាវកុំឱ្យមានការរើសអើងចំពោះខ្មែរ-ឥស្លាមផងដែរ។ លោកបានអំពាវនាវយ៉ាងដូច្នេះថា «សូមបងប្អូនខ្មែរយើង កុំរើសអើងបងប្អូនខ្មែរឥស្លាមអី ពីព្រោះបងប្អូនខ្មែរឥស្លាមមិនមែនឆ្លងមេរោគCOVID-19 ទាំងអស់គ្នានោះទេ។ ហើយអ្នកដែលបានឆ្លងនូវមេរោគ COVID-19 ត្រូវបានក្រសួងសុខាភិបាលយកមកព្យាបាលដាក់ឱ្យនៅដាច់ដោយឡែកហើយ ដូច្នេះសូមបងប្អូនកុំរើសអើងបងប្អូនខ្មែរឥស្លាម»។

កីឡាករ សារ៉េត គ្រីយ៉ា ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ និងកំពុងលេងឱ្យក្លឹបព្រះខ័នរាជស្វាយរៀង ក៏បានចេញមកទទូចសូមកុំឱ្យមានការរើសអើងចំពោះខ្មែរ-ឥស្លាមផងដែរ។

សារ៉េត គ្រីយ៉ា ដែលជាខ្មែរ-ឥស្លាមដែរនោះ បានអំពាវនាវតាមរយៈទំព័រ Facebook យ៉ាងដូច្នេះ «សូមកុំរើសអើង ព្រោះយើងជាខ្មែរដូចគ្នា គ្រាន់តែកាន់សាសនាផ្សេងៗគ្នាប៉ុណ្ណោះ។ គ្មាននរណាចង់ឱ្យកេីតឡេីងឡេីយ ពួកគាត់ក៏ជាជនរងគ្រោះដែរ គាត់ប្រឈម និងគ្រោះថ្នាក់ដល់អាយុជីវិត នរណាក៏ស្រលាញ់ជីវិតខ្លួនឯងដែរ»

ដើម្បីបញ្ចៀសការរើសអើង ដែលអាចនាំឱ្យមានជម្លោះរវាងអ្នកកាន់សាសនាផ្សេងគ្នាក្នុងប្រទេសកម្ពុជានេះ ក៏មានការណែនាំមួយឱ្យបញ្ឈប់ការរំលេចពាក្យឥស្លាមចំពោះអ្នកកើតជំងឺកូវីដ១៩នេះផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់ ៣៥នាក់។ អ្នកឆ្លងជំងឺកូវីដ១៩ រួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរ(អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕