(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះ មន្ត្រីក្រសួងការបរទេស និងអ្នកស្រាវជ្រាវ បានយល់ឃើញស្រដៀងគ្នាអំពីសារសំខាន់នៃកិច្ចប្រជុំនេះ សម្រាប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា។

កញ្ញា ជ្រឹង បុទុមរង្សី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ថា កិច្ចប្រជុំអាស៊ីអឺរ៉ុបនេះ បានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៦ នៅប្រទេសថៃ។ កិច្ចប្រជុំអាស៊ីអឺរ៉ុប ជាវេទិកាក្រៅផ្លូវការមួយ ដែលផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីជួបគ្នាពិភាក្សាលើប្រធានបទសំខាន់ៗ ផ្សារភ្ជាប់នឹងគោលនយោបាយ, សង្គម និងប្រជាជនក្នុងតំបន់ទាំងពីរនេះដែរ។

កញ្ញាបន្ដថា កិច្ចប្រជុំនេះកំពូលអាស៊ីអឺរ៉ុប ដែលធ្វើនៅក្នុងឆ្នាំ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានលើកយកប្រធានបទមួយ ដែលហៅថា «ការជំរុញពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម» ក្នុងប្រធានបទនេះផ្ដោតសំខាន់ លើការចូលរួមដើម្បីជំរុញលក្ខណៈពហុភាគីនិយម ហើយបើសម្លឹងមើលបរិយាកាសទាំងនយោបាយ និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។

កញ្ញាថា ក្នុងពិភពលោកមានបណ្ដាប្រទេសមួយចំនួនតូច បានងាកចេញពីការអនុវត្តន៍ ទៅលើគោលនយោបាយក្នុងការបង្រួបបង្រួមពហុភាគី ដែលដើរឆ្ពោះទៅឯកតោភាគីនិយម ដែលចំណុចនេះ ធ្វើឲ្យមានការរីលដាល និងប៉ះពាល់ដល់ប្រទេសតូចៗ ដូចជាក្នុងតំបន់អាស៊ីអឺរ៉ុប ដែលផ្គុំឡើងដោយបណ្ដាលប្រទេតូចៗ។

កញ្ញាបន្ថែមថា ចំណុចនេះហើយដែលធ្វើឲ្យការជំរុញពង្រឹងច្បាប់អន្ដរជាតិ ជំរុញពង្រឹងសន្ដិសុខ ក៏ដូចជាសេដ្ឋកិច្ច និងនយោបាយមានការលំបាក ហើយក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកនេះ នឹងលើកយកប្រធានបទមួយនេះ ដើម្បីពិភាក្សាថា តើយើងបង្រួបបង្រួម លក្ខណៈពហុភាគីតាមវិធីណា?។

កញ្ញា ជ្រឹង បុទុមរង្សី បញ្ជាក់ថា «ចំពោះផលប្រយោជន៍នៃកិច្ចប្រជុំអាស៊ីអឺរ៉ុបនេះ មានធំធេងណាស់ គឺជាការបើកឲ្យមានការពិភាក្សា និងចរចាជាលក្ខណៈទូលាយ។ សម្រាប់ប្រទេសជាសមាជិក គាត់អាចមានឱកាសឈរនៅលើឆាកមួយ ជាលក្ខណៈស្មើភាពមិនថាប្រទេសតូច ឬធំ មានឥទ្ធិពល ឬសេដ្ឋកិច្ចធំប៉ុណ្ណាទេ គឺអាចមកឈររួមគ្នា ស្មើមុខស្មើមាត់ ដើម្បីពិភាក្សាលើប្រធានបទ ដែលប៉ះពាល់ដល់សង្គម សេដ្ឋកិច្ចប្រជាជនរបស់ប្រទេសទាំងនោះ។ សម្រាប់កម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចនៅកម្រិតតូចនៅឡើយ ដែលកំពុងតែព្យាយាមរីកចម្រើន ដើម្បីយើងមានសំឡេងនៅលើឆាកអន្តរជាតិ ដើម្បីផ្តល់នូវមតិយោបល់ ក្នុងការអនុវត្តជាក់ស្តែងទាំងការវិនិយោគ ពង្រឹងសេដ្ឋកិច្ច និងការថែរក្សាសន្តិភាព»។

លោក លឹម ម៉េងហួរ តំណាងមកពីវិទ្យាស្ថានចក្ខុអាស៊ី (AVI) បានឲ្យដឹងដែរថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប គឺជាវេទិកាជួបជុំ និងពិភាក្សាការងារគ្នាមួយ រវាងរាជរដ្ឋាភិបាលដែលមកពីបណ្ដាលប្រទេសនានានៅក្នុងតំបន់ធំ២ គឺតំបន់អឺរ៉ុប និងតំបន់អាស៊ី គំនិតផ្ដួចផ្ដើមនៃកិច្ចប្រជុំនេះ ចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩៦ ក្នុងទីក្រុងបាំងកក ប្រទេសថៃ ដោយបានកំណត់កិច្ចប្រជុំនេះ រយៈពេល២ឆ្នាំម្ដង។

លោកបានបន្ថែមថា សម្រាប់អ្នកដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះ មានចំនួន៥៣តួអង្គ (ប្រទេស និងស្ថាប័ន) ក្នុងនោះ៣០តួអង្គមកពីតំបន់អឺរ៉ុប និង២១តួអង្គរមកពីតំបន់អាស៊ី ដោយមកពីលេខាធិការដ្ឋានអាស៊ាន និងតំណាងសហគមន៍អឺរ៉ុបផងដែរ។ ដូច្នេះអ្នកទាំង៥៣តួអង្គនេះ នឹងចូលរួមគ្នាពិភាក្សាពីបញ្ហាចម្បងៗចំនួន៣រួមមាន បញ្ហានយោបាយ, សេដ្ឋកិច្ច និងសង្គមវប្បធម៌។

លោកបានបញ្ជក់ថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះ ជាកិច្ចប្រជុំដ៏ធំ និងអនុញ្ញាតឲ្យសមាជិក ដែលជាអ្នកចូលរួមប្រជុំទាំងអស់ មានឱកាសពិភាក្សាគ្នា និងជជែកគ្នាទៅលើបញ្ហាប្រឈមនានា របស់ពិភពលោក។ កិច្ចប្រជុំអាស៊ីអឺរ៉ុបនេះ គឺជាកិច្ចប្រជុំដ៏ធំព្រោះថា បើក្រឡែកមើលតំបន់អឺរ៉ុប និងអាស៊ី ជាតំបន់ដែលតំណាង ឲ្យប្រជាជនទូទាំងពិភពលោក រហូតដល់៦០ភាគរយ បើមើលពីទំហំសេដ្ឋកិច្ចតំបន់ទាំងពីរនេះ មានទំហំសេដ្ឋកិច្ចរហូតដល់៦៥ភាគរយ។

លោកបានបន្ដថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះ ជាវេទិកាមួយជំរុញយន្ដការពហុភាគីនិយម ដែលសមាជិកទាំងអស់ ចូលរួមដោះស្រាយនូវបញ្ហាទាំងអស់ តាមលក្ខណៈពហុភាគីនិយម ម្យ៉ាងវិញទៀតក៏ផ្ដល់ឱកាសឲ្យរដ្ឋទាំងអស់ ពិសេសរដ្ឋតូចៗអាចមានឱកាស បញ្ចេញនូវទស្សនៈ និងការរួមចំណែកដោះស្រាយបញ្ហាប្រឈម ដែលពិភពលោកកំពុងជួបប្រទះ៕