(ព្រះវិហារ)៖ ក្រុមគ្រួសារខ្មែរ ២នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ រស់នៅភូមិឡតិ៍អិដ្ឋ សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ និងមើលការថែទាំជាប្រចាំ ក៏ដូចជាទទួលបានអំណោយសម្ភារ និងថវិកាជាការលើកទឹកចិត្តពីអាជ្ញាធរខេត្តព្រះវិហារ។

លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលដោយផ្ទាល់ ជាមួយគ្រុមគ្រួសារបុរសខ្មែរ ២នាក់ដែលមានជំងឺកូវីដ១៩ នៅលំនៅដ្ឋានស្ថិតក្នុងសង្លាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ជាមួយគ្នានោះលោកស្រី ចឹក ហេង បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក ប្រាក់ សុណ្ណ ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងការរស់នៅរបស់ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត។ លោកស្រីអភិបាលរងខេត្ត ក៏បានជម្រាបជូនក្រុមគ្រួសារបុរសខ្មែរទាំង ២នាក់ដែលមានជំងឺកូវីដ១៩ ហើយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករានោះ មានសុខភាពល្អធម្មតាទេ ដោយទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។

លោកស្រី ចឹក ហេង ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន និងការពារជានិច្ចកុំឲ្យកើតមានជំងឺកូវីដ១៩ ដែលវិធានការការពារនោះ គឺត្រូវអនុវត្តបានជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរខេត្តក៏បានឲ្យមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តព្រះវិហារ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងភូមិផងដែរ។

គិតមកដល់យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់ ៣៧នាក់។ អ្នកឆ្លងជំងឺកូវីដ១៩ រួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ
ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ៕