(ភ្នំពេញ)៖ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ (Covid-19) ក្រៅពីធ្វើឲ្យប៉ះដល់សេដ្ឋកិច្ចជាតិហើយនោះ ក៏បណ្ដាលឲ្យមានការប៉ះពាល់ ដោយផ្នែកទៅលើផែនការអភិវឌ្ឍជាតិផងដែរ ពិសេសផែនការអភិវឌ្ឍយុទ្ធសាស្ដ្រជាតិឆ្នាំ២០១៩-២០២៣ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅ។
នេះបើតាមការឲ្យដឹងពី លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងផែនការ» នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ពិធីនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ថេង បញ្ញាធន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្ដែងការប៉ះពាល់ គឺយើងឃើញហើយក្នុងដំណាក់កាលដំបូងនេះ យើងឃើញថាស្ថានភាព វាប្រែប្រួលយ៉ាងមិច ក្នុងការអនុវត្តការងាររបស់យើង គឺប៉ះពាល់ដល់ដំណើរការ នៃការអនុវត្តការងារផែនការរបស់យើង»។
ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ជាធម្មតាការរៀបចំផែនការងារ គឺអ្នកជំនាញបានកំណត់ក្នុងជំពូកមួយ ដែលនិយាយអំពីហានិភ័យក្នុងដំណើរការ នៃការអនុវត្តផែនការ ដូច្នេះអ្វីដែលជាវិធានការអន្ដរាគមន៍ដំបូងនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច ចាប់ផ្ដើមធ្វើការបែងចែក ឬវិភាជថវិការបស់រដ្ឋាភិបាល ដើម្បីអន្ដរាគមន៍។
ដោយឡែក សម្រាប់ដំណាក់កាលបន្ទាប់ គឺសម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យពិនិត្យកំណត់អាទិភាពឡើងវិញថា ការងារណាដែលមិនទាន់ចាំបាច់ ក្នុងពេលនេះ ត្រូវផ្អាកសិន ដោយហេតុលទ្ធភាពថវិកាមួយចំណែក ត្រូវអន្ដរាគមន៍បន្ទាន់ដើម្បីលើកកម្ពស់ការងារក្នុងវិស័យសុខាភិបាល ទប់ស្កាត់កូវីដ១៩។ នេះបើតាមការលើកឡើងរបស់លោក ថេង បញ្ញាធន។
លោក ថេង បញ្ញាធន បានបន្ថែមទៀតថា ការងារទាក់ទងនឹងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិនេះ ជាទូទៅមួយឆ្នាំអ្នកពាក់ព័ន្ធត្រូវធ្វើការតាមដានវាយតម្លៃ វឌ្ឍនភាព នៃការសម្រេចបានការអនុវត្តផែនការនេះ ដូច្នេះនៅពេលដែលធនធានថវិកាមួយចំនួន មិនបានយកមកប្រើប្រាស់សម្រាប់អនុវត្តផែនការ ដូច្នេះការងារអាទិភាពមួយចំនួនមិនបានសម្រេចទៅតាមអ្វីដែលជាចំណុចកំណត់នោះទេ។
លោកបញ្ជាក់ថា ប្រសិនបើមិនបានសម្រេចនូវអ្វីដែលកំណត់នោះទេ ជាលក្ខណៈបច្ចេកទេស យើងធ្វើការកែសម្រួលឡើងវិញ នូវអ្វីដែលជាផែនការអាទិភាព ទើបឈានទៅអនុវត្តបន្ដទៀត។
សូមរំលឹកថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣» នេះ ត្រូវបានរៀបចំឡើង ដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ ចំនួន៣រួមមាន៖
* ទី១៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ដ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
* ទី២៖ ដើម្បីកំណត់នូវបណ្តាវិធានការ គោលនយោបាយនានាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ដគោលនយោបាយ អាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា តាមវិស័យនៅក្នុងដំណាក់កាល នៃអាណត្តិកាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវ ភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាព នៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) នៅឆ្នាំ២០៥០។
* ទី៣៖ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» របស់ក្រសួងស្ថាប័ននានា៕