(កំពង់ឆ្នាំង)៖ ដំណាំល្ងនៅក្នុងឆ្នាំនេះ ត្រូវបានប្រជាកសិករដែលរស់នៅតាមដងទន្លេ បាននាំគ្នាដាំដុះយ៉ាងផុលផុស ព្រោះតែល្ងមានតំលៃខ្ពស់។ ជាក់ស្តែងរយៈពេល ១ខែនេះ ប្រជាកសិករ បានប្រមូលផលល្ងយកមកលក់នៅទីផ្សារ បានរាប់រយតោន ហើយត្រូវបានឈ្មួញកណ្តាល ដឹកជញ្ជូនយកទៅលក់នៅភ្នំពេញ និងបន្តទៅលក់នៅប្រទេសជិតខាងទៀតផង។

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ គេឃើញនៅកំពង់ផែរមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង មានកាណូតធំៗជាច្រើនគ្រឿង បានដឹកផលល្ងរាប់សិបតោន យកមកលក់ឲ្យឈ្មួញកណ្តាលនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង។ នៅតាមផ្ទះល្វែងមាត់ទន្លេផ្សារក្រោមប្រមាណជាច្រើនកន្លែង គេឃើញឈ្មួញកណ្តាលដែលជាអ្នកទទួលទិញផលល្ង ស្តុកទុកក្នុងមួយផ្ទះៗរាប់តោនផងដែរ។

លោក គង់ សុផល ជាអ្នកដាំល្ងម្នាក់ នៅក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង បាននិយាយថា គាត់មានដីចម្ការប្រមាណជា ៥ហិកតា បានដាំដំណាំល្ងទាំងអស់ បច្ចុប្បន្នគាត់មិនទាន់ប្រមូលផលល្ងបានរួចរាល់នៅឡើយនោះទេ ហើយផលល្ងក្នុងឆ្នាំនេះ បានថ្លៃជាងឆ្នាំមុន បើទោះជាឆ្នាំនេះ ធាតុអាកាសក្តៅខ្លាំង ហើយត្រូវការចំណាយប្រេងបូមទឹក យកមកស្រោចស្រព្វខ្លះក៏ដោយ ក៏គាត់ទទួលបានផលចំណេញគួរសមដែរ។

គាត់បានឱ្យដឹងដែរថា ការដាំដំណាំល្ងនេះ គឺត្រូវការមើលថែទាំឱ្យបានដិតដល់ ពិសេស ត្រូវបាញ់ថ្នាំ ការពារសត្វល្អិតនិងបាញ់ថ្នាំបំប៉នផ្លែផ្កាឲ្យបានហ្មត់ចត់ដែលក្នុងមួយហិកតា ត្រូវចំណាយថវិកាទិញថ្នាំបាញ់អស់ប្រាក់ពី៥០ទៅ៦០ម៉ឺនរៀល ហើយនិងត្រូវទទួលផលមកវិញក្នុងរយៈពេល៣ខែកន្លះទៅ៤ខែ។

រីឯតម្លៃល្ងនៅក្នុងឆ្នាំនេះ ក្នុង១គីឡូក្រាមលក់ចេញបានតម្លៃ ១០០០០រៀល បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ លក់ចេញបានតែក្នុងមួយគីឡូក្រាម៦៥០០រៀលទៅ៧០០០រៀលតែប៉ុណ្ណោះ។

អ្នកបើកបររថយន្តម្នាក់ឈ្មោះ សាវុធ ជាអ្នក ស៊ីឈ្នួលដឹកល្ង ពីខេត្តកំពង់ឆ្នាំង យកទៅភ្នំពេញ បាននិយាយអោយដឹងថា ជាង១០ ថ្ងៃនេះ គាត់បានដឹកល្ងក្នុង១ថ្ងៃបាន១ជើង និងក្នុង១ជើងមានទម្ងន់១០តោន យកទៅអោយថៅកែស្តុកទុកនៅទីក្រុងភ្នំពេញ ហើយល្ងនេះ ត្រូវឈ្មួញទិញបន្តយកទៅលក់នៅប្រទេសវៀតណាម និងប្រទេសចិន។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ ឆ្នាំង បាននិយាយអោយដឹង នៅរសៀលថ្ងៃ ទី១៩ ខែមិនា ឆ្នាំ២០២០នេះថា តាមរបាយ ការណ៍ដែលលោកទទួលបានពីបណ្តាស្រុក មកថា ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ធ្វើការដាំដុះល្ង លើផ្ទៃដីសរុបចំនួន៩០០ហិកតា រីឯការប្រមូលផលល្ងមកដល់ពេលនេះ បាន៧០ %ហើយ។

ចំណែកតម្លៃល្ង ឆ្នាំនេះក្នុងមួយគីឡូក្រាមប្រជាកសិករលក់ចេញក្នុងតម្លៃពី៩៧០០ រៀលទៅ១ម៉ឺនរៀល បើប្រៀបធៀបទៅនឹងឆ្នាំមុនតម្លៃល្ង១គីឡូក្រាម តម្លៃតែ៦៥០០រៀល ទៅ៦៨០០រៀល តែប៉ុណ្ណោះ។ ដូច្នេះក្នុងឆ្នាំនេះប្រជាកសិករដែលប្រកបមុខរបរធ្វើចំការ ជាពិសេសការដាំដុះដំណាំល្ងខាង លើនេះ គឺពួកគាត់មានទឹកចិត្តរីករាយ ដោយទទួលបានផលពីការដាំដំណាំល្ង ដែលគួរជាទីមនោរម្យ ក្នុងក្រុមគ្រួសាររបស់ពួកគាត់ផងដែរ៕