(កំពង់ឆ្នាំង)៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីក្នុងក្រុមការងារនាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លង ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នា២០២០ បានសហការគ្នា បើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យជួរមុខនៅ ក្នុងមន្ទីរពេទ្យបង្អែកស្រុកំពង់ត្រឡាច អំពីវិធីប្រឆាំងទប់ស្កាត់ និងព្យាបាលជម្ងឺ COVID-19ខណៈដែលមន្ទីរពេទ្យបង្អែកស្រុកំពង់ត្រឡាច កំពុងទទួលការថែទាំ និងព្យាបាលអ្នកផ្ទុក COVID-19 ទាំង៣នាក់ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងវគ្គបណ្តុះបណ្តាលនេះ បានលើកឡើងថា COVID-19 ពិតជាមានការចម្លងលឿនណាស់ បើយើងមិនយល់ដឹងអំពីវិធីទប់ស្កាត់ ការពារ និងព្យាបាល។

លោកថា «មន្ត្រីសុខាភិបាលយើងដែលជាអ្នកទទួលការថែទាំ និងព្យាបាលដល់អ្នកជម្ងឺនេះ ក៏ដូចជា ប្រជាពលរដ្ឋយើងទាំងអស់ត្រូវយល់ដឹងថា ការនិយាយស្តីទល់មុខគ្នាជាមួយអ្នកផ្ទុក COVID-19 ចម្ងាយលើសពី ៩០សង្ទីម៉ែត្រ (៩តឹក) គឺមិនឆ្លងទេ ប៉ុន្តែបើអ្នកជម្ងឺក្អកកណ្តាស់មិនពាក់ម៉ាស់វិញ អ្នកនៅទល់មុខអ្នកជម្ងឺដែលមានចម្ងាយ ៣ទៅ ៤ម៉ែត្រ អាចនឹងឆ្លងជម្ងឺនេះបាន ដូចនេះហើយទើប ក្រសួងសុខាភិបាលតម្រូវអោយយើងពាក់ម៉ាស់»

នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រកឃើញអ្នកផ្ទុកជម្ងឺនេះចំនួន ៣នាក់ ដែលបានចម្លងមកពីប្រទេសម៉ាឡេស៊ី និងកំពុងទទួលការថែទាំ និង ព្យាបាលដាច់ដោយឡែកទៅតាមលក្ខណៈបច្ចេកទេស នៅក្នុងអគារមួយ នៃមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចផងដែរ។

បើតាមប្រធានមន្ទីរសុខាភិបាល ក្រុមគ្រួសារអ្នកជម្ងឺទាំង ៣នាក់ខាងលើ គ្រូពេទ្យយើងបានយកសំណាកពួកគាត់ទៅវិភាគកាលពីថ្ងៃទី១៨ ខែមីនា រួចហើយ ប៉ុន្តែលទ្ធផលវិភាគមិនទាន់ទទួល បាននៅឡើយ តែយើងបានណែនាំឲ្យពួកគាត់រស់នៅដោយឡែក និងណែនាំក្រុមគ្រួសារគាត់ឲ្យយល់អំពីវិធីការពារ និងទប់ស្កាត់ជម្ងឺនេះរួចហើយ ថែមទាំងបានទំនាក់ទំនងពួកគាត់ ជាប់ជាប្រចាំផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អ្នកកើតជំងឺកូវីដ១៩នៅកម្ពុជា កើនដល់៤៧នាក់ហើយ៕