(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានប្រកាសនូវការផ្តល់ជូនពិសេសដល់ អតិថិជនទាំងចាស់ និងថ្មីទាំងអស់របស់ខ្លួនទៅលើជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។

ការការពារបន្ថែមនេះគិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ រួមមាន៖ ការចំណាយសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយនឹងថវិកាចំនួន៥០០ដុល្លាអាមេរិក សម្រាប់អតិថិជនម្នាក់ ក្នុងករណីត្រូវបានពិនិត្យឃើញថា មានជំងឺកូវីដ១៩ និង ៥,០០០ដុល្លាអាមេរិកសម្រាប់អតិថិជនម្នាក់បន្ថែមទៀតប្រសិនបើមានការបាត់ បង់ជីវិតពីជំងឺនេះ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បន្ថែមលើអត្ថប្រយោជន៏ធានារ៉ាប់រងដែលមានស្រាប់។

លោក ស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានឱ្យដឹងថា «អេ អាយ អេ ខេមបូឌា នឹងនៅជាមួយប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ១៩។ យើងប្តេជ្ញាផ្តល់ជូននូវភាព ស្ងប់ចិត្តក្នុងគ្រាលំបាកនេះ តាមរយៈជំនួយហិរញ្ញវត្ថុបន្ថែមដល់ក្រុមគ្រួសារ ដែលទទួលរងផលប៉ះពាល់នេះ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា អេ អាយ អេ ខេមបូឌា មានជំហរយ៉ាងរឹងមាំទៅលើការប្តេជ្ញាចិត្ត ជួយឲ្យប្រជាជនកម្ពុជាទទួលបាន សុខភាព និងជីវិតកាន់តែប្រសើរ ហើយផ្តល់ជូនដល់ពលរដ្ឋគ្រប់រូបនូវការគាំទ្រ ដែលពួកគាត់ ត្រូវការក្នុងពេលចាំបាច់នេះ។

សូមបញ្ជាក់ថា អេ អាយ អេ គឺ ជាបុត្រ សម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុត នៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។ សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅ អាស៊ី ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធ ដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់(ចិន) វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។

អាជីវកម្មដែលបានក្លាយទៅជា AIA បច្ចុប្បន្ននេះបានចាប់ផ្តើមមួយសតវត្ស កន្លងមកក្នុងឆ្នាំ១៩១៩ នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារដៃគូ និងធនធានមនុស្សនានា ទូទាំងអាស៊ី ប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៦លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រង តាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងអាយុជីវិត ឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេល វែងរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និង ជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម និងលក្ខខណ្ឌនៃការផ្តល់ជូនពិសេសនេះ សូមទាក់ទងទីប្រឹក្សាផែនការជីវិត AIA ឬសេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ៤២៤ ឬទាញយកព័ត៌មានថ្មីៗតាមរយៈគេហទំព័រ aia.com.kh៕