(ភ្នំពេញ)៖ ផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាត នៃវីរុសកូវីដ១៩ (COVID-19) របស់អង្គការសុខភាពពិភពលោក ព្រមទាំងរកឃើញជាបន្តបន្ទាប់នូវវិជ្ជមានវីរុសកូវីដ១៩ លើជនជាតិខ្មែរ និងបរទេស ធ្វើដំណើរចូលមកកម្ពុជា ដូចនេះរាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់។

ដោយផ្អែកតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការណែនាំដូចតទៅ៖

១៖ សមាគម និងអង្គការមិនមែន ដែលបាននិងកំពុងផ្តល់សេវាកុមារ និងសហគមន៍ (រួមទាំងកន្លែងថែទាំ និងពេលយប់)

* ចំពោះការថែទាំកុមារ ត្រូវផ្អាកបណ្តោះអាសន្ន ចំពោះការទទួលកុមារមកថែទាំ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះ រហូតមានការជូនដំណឹងជាថ្មី

* ចៀសវាងការ ឬប្រមូលផ្តុំ ដើម្បីបង្រៀនបំប៉នបន្ថែមក្រៅម៉ោងដល់កុមាររងគ្រោះ និងងាយរង តែត្រូវលើកទឹកចិត្តឱ្យកុមារប្រឹងរៀនបន្ត នៅក្នុងកន្លែងថែទាំ ឬតាមសហគមន៍ ដូចការណែនាំរបស់ យុវជន និងកីឡា

* ចំពោះម្ចាស់ជំនួយ ឬជនបរទេសស្ម័គ្រចិត្ត ឬសប្បុរសជន ដែលមានបំណងចុះសួរសុខទុក្ខ កុមារនៅតាមមណ្ឌល ឬនៅតាមសហគមន៍ទាំងអស់ ត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដើម្បីចៀសវាងការចម្លង (COVID-19) ជាយថាហេតុ

* បុគ្គលិកសង្គមត្រូវផ្តល់សេវាសង្គមកិច្ច សម្រាប់កុមារនៅតាមផ្ទះ ក្នុងសមាគមន៍តាមលទ្ធភាពដែលអង្គការ ឬសមាគមអាចផ្តល់បាន ជាពិសេសសេវាអប់រំផ្លូវចិត្ត ដែលមានការភ័យខ្លាចតក់ស្លុត ឬទទួលផលប៉ះពាល់ពីវីរុស (COVID-19) ត្រូវរៀបចំអាកុល និងកន្លែងលាងដៃឱ្យ ហើយអប់រំកុមារ យល់ដឹងអំពីសារៈសំខាន់ និងរបៀបនៃការលាងដៃឱ្យបាន អនុវត្តពីវិធីកាត់បន្ថយហានិភ័យ (COVID-19)

* ត្រូវផ្សព្វផ្សាយណែនាំ និងសារអប់រំសំខាន់ៗរបស់ក្រសួងនានា ជាពិសេសការណែនាំ និងសារអប់រំរបស់ក្រសួងសុខាភិបាល ឲ្យប្រធានមណ្ឌល ប្រធានកម្មវិធី បុគ្គលិកសង្គម អ្នកថែទាំកុមារ បុគ្គលិកមណ្ឌល និងកុមារ បានយល់ដឹង និងអនុវត្តវិធានការចាំបាច់នានា

* តាមដានសុខភាពកុមារ និងបុគ្គលិកជាប្រចាំ និងរាយការណ៍ហេតុការណ៍ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងការការឆ្លង វីរុសកូវីដ១៩ (COVID-19) នៅតាមកន្លែងថែទាំ ដល់គ្រួសារ ឬអាណាព្យាបាលអាជ្ញាធរ ភ្នាក់ងារ និងមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត ដែលខ្លួនធ្វើសកម្មភាព ឲ្យបានឆាប់បំផុតតាមការទំនាក់ទំនងដែលមានស្រាប់

* ប្រធានអង្គការ ឬប្រធានអង្គការ ត្រូវត្រៀមវិធានការទប់ស្កាត់ ឲ្យបានល្អបំផុត ក្នុងករណីដែលកុមារ ត្រូវជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងកម្មវិធីផ្សេងៗ

២៖ អ្នកថែទាំកុមារ

* ត្រូវជំរុញឱ្យមានការរក្សាកុមារ នៅតាមមណ្ឌល ផ្ទះ ឬសហគមន៍ ចៀសវាងយកកុមារ កន្លែងដែលប្រឈមខ្ពស់ ដូចជា កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេង ដែល មានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស កូវីដ១៩ (COVID-19)

* ផ្តល់ព័ត៌មាន ឬបញ្ជូនកុមារដែលសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩ (COVID 19) ទៅមណ្ឌលសុខភាព ដែលនៅជិត ឬមន្ទីរសុខាភិបាល និងមន្ទីររាជធានី-ខេត្ត

* ត្រូវអនុវត្តវិធានការត្រៀមបង្ការ និងទប់ស្កាត់ពីការចម្លងវីរុសកូវីដ១៩ ពីអ្នកដទៃ មកខ្លួនឯង និងពីខ្លួនឯង ទៅអ្នដកទៃ ដោយផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល

ទទួលបានសេចក្តីណែនាំនេះ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានជំនាញ និងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលបាននិងកំពុងអនុវត្តគម្រោងកម្មវិធី ថែទាំកុមារនៅក្នុងមណ្ឌល និងនៅតាមសហគមន៍ ដើម្បីចូលរួមសហការអនុវត្តដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងតាមដានជាប្រចាំ នូវការផ្សព្វផ្សាយរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល៕