(ភ្នំពេញ)៖ នៅម៉ោង១៧៖០៥នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ដែលបានឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតនៅផ្ទះលេខ៥៨៨ ផ្លូវ៩៩R ក្រុមទី០៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានម្ចាស់ផ្ទះឈ្មោះ គួច ហុច ភេទប្រុស អាយុ៧៦ឆ្នាំ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដ៍គួរឲ្យរន្ធត់នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ដែលមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រាប់អ្នកយកព័ត៌មាន Fresh News។

លោក ជា ពិសី បញ្ជាក់ថា បន្ទាប់ពីកើតមានករណីឆេះផ្ទះភ្លាមៗ ក៍មានការជួយអន្តរាគមន៍ ពីអាជ្ញាធរ និងសមត្ថកិច្ចពន្លត់អគ្គិភ័យចំនួន១៦គ្រឿង ដែលចេញមកជាបន្តបន្ទាប់ ពីអង្គភាពផ្សេងៗគ្នា ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា មិនបណ្ដាលឲ្យឆេះរាលដាលឆ្លងទៅផ្ទះប្រជាពលរដ្ឋដ៍ទៃទៀតឡើយ ហើយគ្រប់គ្រងបាន និងរលត់ទៅវិញទាំងស្រុង ត្រឹម៤០នាទីក្រោយប៉ុណ្ណោះ ដោយប្រើប្រាស់ទឹកអស់១២គ្រឿង ប៉ុន្តែទំហ៊ំនៃការខូចខាត នូវពុំទាន់អាចបញ្ជាក់បាននោះទេ៕