(បាត់ដំបង)៖ អ្នកឧកញ៉ា ឃុន ស្រី អគ្គនាយិកាក្រុមហ៊ុនហ្គោដិនថោន និងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានជួយឧបត្ថម្ភថវិកា១១លានរៀល តាមរយ:លោក ផេង សិទ្ធី អភិបាល ក្រុងបាត់ដំបង ជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីពេទ្យខេត្តនេះ។

អ្នកឧកញ៉ា ឃុន ស្រី បានបញ្ជាក់ថា ដើម្បីចូលរួមការងារសង្គម ការងារមនុស្សធម៌ លោកស្រី និងក្រុមគ្រួសារ រីករាយសប្បាយចិត្តលះបង់ថវិកាផ្ទាល់ខ្លួន ដើម្បីជួយសង្គម ខណ:ដែលជំងឺនេះបានផ្ទុះនៅបរទេស ជាបន្តបន្ទាប់រហូតដល់ប្រជាពលរដ្ឋខ្មែរ បានឆ្លងរោគពីក្រៅប្រទេសចូលមកក្នុងប្រទេសខ្មែរថែមទៀត។

លោកស្រីអគ្គនាយិកាក្រុមហ៊ុន ហ្គោដិនថោន បានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ យើងទាំងអស់គ្នាត្រូវខិតខំការពាររក្សាអនាម័យខ្ពស់បំផុត ដោយអនុវត្តតាមក្រសួងសុខាបានណែនាំ គឺត្រូវសម្អាត លាងដៃ ពាក់ម៉ាស់ជាប្រចាំ មិនត្រូវដើរលេងចូលរួមកន្លែងមានមនុស្សប្រមូលផ្តុំគ្នាច្រើនឡើយបើមិនចាំបាច់ មិនគួរចេញទៅក្រៅផ្ទះ ដើម្បីការពារឆ្លងរោគនេះមកក្រុមគ្រួសារ និងអ្នកដ៏ទៃបន្តគ្នាផងដែរ៕