(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ អង្គការយូនីសេហ្វ (UNICEF) បានផ្តល់នូវបណ្ណប្រកាសវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ចំនួន២ម៉ឺនបណ្ណ ជូនដល់កាកបាទក្រហមកម្ពុជា។
ពិធីប្រគល់នេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ អង្គការ UNICEF ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ សង្គ្រោះពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា បន្ទាប់ពីជួយលើកកម្ពស់ការអភិវឌ្ឍ និងសុខភាពរបស់កុមារ ការពារសិទ្ធិរបស់ពួកគេ ជាពិសេសនៅពេលនេះ បានបន្ដចូលរួមក្នុងការទប់ស្កាត់ការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតជាសកល។
លោកស្រី ពុំ ចន្ទីនី បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីគ្រោះមហន្ដរាយធម្មជាតិ នៅលើសកលលោក ក៏កំពុងតែរួមគ្នាការពារទប់ស្កាត់ វីរុសកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតលើសកលលោកនេះផងដែរ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងឆ្លងកាន់តែមានចំនួនកើនឡើងពីមួយទៅមួយថ្ងៃ។
ដើម្បីចូលរួមទប់ស្កាត់ការពារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកម្ពុជាយើងបន្ថែមទៀត ពីវិធានការការពារ រោគសញ្ញានៃជំងឺនេះ ជាពិសេសអនុវត្ដទៅតាមអប់រំរបស់ក្រសួងសុខាភិបាល ដែលបានប្រកាស ចៀសវាងការធ្វេសប្រហែស និងស្លន់ស្លោខ្លាំងពេករបស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ទៅវិញ ទោះវីរុសកូវីដ-១៩នេះ ងាយឆ្លង និងអាចសម្លាប់មនុស្ស តែក៏អាចព្យាបាលឱ្យជាសះស្បើយវិញផងដែរ។
ទន្ទឹមនឹងនោះ តំណាងអង្គការយូនីសេហ្វ លោកស្រី Cristian Manduate ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យអង្គការរបស់ខ្លួន បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជាពិសេសរួមចំណែកទប់ស្កាត់ការពារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នៅកម្ពុជា៕