(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសពីវិធានការ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះជនអគតិទាំងឡាយណា ដែលនៅតែគឃ្លើនបន្ដបង្ហោះព័ត៌មានប្រឌិតរឿងវីរុស COVID-19 ធ្វើឲ្យចលាចលក្នុងសង្គម។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពីវិធានការណ៍ការពារជំងឺ COVID-19 នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ បានរីករាលដាលពេញពិភពលោក ហើយប្រទេសកម្ពុជាក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុក COVID-19 នេះផងដែរ ដូច្នេះពេលនេះមិនមែនជាពេល ត្រូវជះទឹកដាក់គ្នាទេ ពោលត្រូវតែរួមគ្នាទប់ស្កាត់។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងករណីថា ព័ត៌មានវាអត់មានទេ រួចហើយគាត់បំផុសដែលខ្ញុំសុំថា សុំមេត្តាកាត់បន្ថយ ហើយឈានទៅលុបបំបាត់ ដើម្បីយើងរួមគ្នាការពារជីវិត សង្គមរបស់យើង [...] តាមច្បាប់យើងជាធរមាន អ្នកទាំងឡាយណាដែលនៅតែប្រើប្រាស់វោហាសាស្ដ្រ ដែលវានាំឲ្យច្របូកច្របល់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានស្នើសុំកុំឲ្យមានការរើសអើងអ្នកដែលមានផ្ទុកវីរុស COVID-19 នៅប្រទេសកម្ពុជា ដោយហេតុថា ជំងឺនេះកើតគ្រប់ជាតិសាសន៍ទាំងអស់។ សម្ដេចក៏បានបញ្ជាក់ថា ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ទៅថ្នាក់ខេត្តក៏បានបញ្ជាក់ចំណុចនេះផងដែរថា មិនត្រូវឲ្យមានការរើសអើងនោះឡើយ។
គួរជម្រាបថា កន្លងទៅនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ហើយ ដែលបង្ហោះព័ត៌មានបំពុលតាមបណ្ដាញសង្គម ខណៈ២នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងម្នាក់ទៀតត្រូវអប់រំណែនាំ។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាល កូវីដផងដែរ៕