(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការរងទទួលផែនការងារព្រំដែន បានថ្លែងប្រាប់នគរបាលការពារព្រំដែន ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសឆ្ងាយពីជំងឺផ្សេងៗ ជាពិសេសជំងឺ Covid-19 ដែលកំពុងរាតត្បាត ពាសពេញពិភពលោក។

ការថ្លែងរបស់លោកស្នងការរងបែបនេះ នៅក្នុងឱកាសដែលលោក ចុះត្រួតពិនិត្យការងារ និងការស្នាក់នៅរបស់កងកម្លាំង ប៉ុស្តិ៍នគរបាលការពារព្រំដែនខ្សែត្រ ស្រុកកំពង់រោទិ៍ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដែលមានការអមដំណើរដោយ លោកវរៈសេនីយ៍ឯក ខៀវ វិចិត្រ មេបញ្ជាការវរៈ៦០៩ និងលោកអនុសេនីយ៍ត្រី ព្រុំ ស៊ីណាត នាយរងផ្នែកស៊ើបការ។

លោកស្នងការរង បានថ្លែងនូវផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជូនកងកម្លាំងនគរបាល ការពារព្រំដែនខ្សែត្រផងដែរ។

មិនតែប៉ុណ្ណោះ លោកថែមទាំងជំរុញ ដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ នូវការពារជំងឺឆ្លងគ្រប់ប្រភេទ ឬកូវីដ១៩ ដោយប្រើក្រម៉ា ឬពាក់ម៉ាស និងរៀបចំ ឲ្យមានធុង ទឹកសាប៊ូ អាកុល ឬ ផេះ សម្រាប់លាងសម្អាតដៃ មុននិងកាន់ប៉ះពល់សម្ភារៈ ឬហូបចំណីអាហារ ព្រមទាំងសម្អាតទីធ្លារ កន្លែងធ្វើការកន្លែងស្នាក់នៅ ឲ្យបានល្អ និងបានដាក់វិធានការ បង្កើនការល្បាតចល័ត ត្រួតពិនិត្យទប់ស្កាត់ការលួចជ្រៀត ចេញ-ចូលឆ្លងដែនខុសច្បាប់ របស់ជនបរទេស និងការនាំគ្រឿងញៀន ឆ្លងដែនខុសច្បាប់៕