(ស្វាយរៀង)៖ ២នាក់គូរដណ្តឹង ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ រវាងរថយន្តបុកជាមួយនឹងម៉ូតូ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា កណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដឹកកម្មករបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ជាមួយនឹងម៉ូតូ លុះដល់កន្លែងកើតហេតុក៏បានបុកនឹងម៉ូតូពីក្រោយ បណ្តាលឱ្យមនុស្សស្លាប់០២នាក់ និងរងរបួសធ្ងន់ ០១នាក់ ដែលមានឈ្មោះដូចជាទី១៖ ឈ្មោះ សួន បូរី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់)។ ទី២៖ ឈ្មោះ ឡាញ់ ផាន្នី ភេទស្រី អាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់)។ ទី៣៖ ឈ្មោះ ម៉ាក់ សុភា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (របួសធ្ងន់) ។

ប្រភពដដែលបានបន្តថា អ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ទៅឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ មធ្យោបាយធ្វើដំណើរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា។ ចំពោះជនបង្ករត់គេចខ្លួនបាត់បច្ចុប្បន្ន។

សូមបញ្ជាក់ថាបុរស និងស្ត្រី ដែលស្លាប់ខាងលើគឺជិតដល់ថ្ងៃរៀបការទៅហើយ តែបែរជាអកុសល្យស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បែបនេះសោះ សូមប្រុងប្រយត្ន័ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕