(បាត់ដំបង)៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំថវិកាមូលនិធិបង្ការទប់ស្កាត់ Covid-19 ចំនួន២០លាន ៨០ម៉ឺនរៀល ជូនមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ចែកជូនមន្រ្តីពេទ្យជួរមុខ និងអ្នកជំងឺដើម្បីលើកទឹកចិត្តដល់គ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់មើលថែអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកវេបណ្ឌិត កាក់ សិលា បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំពីរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាលមក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត បានត្រៀមខ្លួនជាស្រេច រៀបចំបន្ទប់សម្រាប់ដាក់អ្នកជំងឺព្យាបាលដោយឡែកពីគេ តាមគោការណ៍បច្ចេកទេសវិជ្ជសាស្រ្ត។

លោក កាក់ សិលា បានបន្តថា អ្នកផ្ទុកមេរោគ Covid-19 គិតពីថ្ងៃធ្វើតេស្តរកឃើញ និងបានចូលសម្រាកព្យាបាលចាប់តាំងពីដើមខែមីនា ឆ្នាំ២០២០មកទល់ពេលនេះ មានចំនួន ៦នាក់ហើយ ចំពោះអ្នកសង្ស័យមន្ទីរពេទ្យបានយកសំណាកទៅពិនិត្យមានចំនួនទៀត តែពុំទាន់ដឹងលទ្ធផលនៅឡើយទេ។

លោក ងួន រតន: បានឲ្យដឹងថា មេរោគ Covid-19 មិនមានផ្ទុះនៅក្នុងស្រុកខ្មែរទេ គឺគ្រាន់តែប្រជាពលរដ្ឋបានឆ្លងជំងឺពីក្រៅប្រទេសប៉ុណ្ណោះ ហើយបច្ចុប្បន្នបានបន្តឆ្លង គ្នាឯងនៅតាមសហគមន៍ បន្ត ដូច្នេះយើងត្រូវនាំគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់មិនឲ្យ Covid-19 រីករាលដាលបន្តទៀត តាមរយៈអនាម័យស្អាត ដោយលាងដៃជាប្រចាំ ពាក់ម៉ាស់ មិនត្រូវនៅជិតគ្នាច្រើននាក់ទេ ជៀសវាងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬច្រើននាក់បន្ថែមទៀត។

ដើម្បីចូលរួមចំណែក ចែករំលែកការលំបាកទាំងគ្រូពេទ្យជំនាញ និងអ្នកជំងឺផងនោះ លោកបានប្រមូលមូលនិធិជាថវិកាលើកទី១ បានចំនួន ២០លាន ៨០ម៉ឺនរៀល យកមកប្រគល់ប្រធានមន្ទីរពេទ្យចាត់ចែងទៅតាមជំនាញចែកដល់ពួកគាត់ផង។ បើក្រុមមូលនិធិនេះប្រមូលថវិកាពីការចូលរួមពីស្បុបុរសជនបានទៀត លោកនឹងយកមកប្រគល់ជូន បន្តទៀតផងដែរ៕