(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក ហ៊ាង ថារ៉េត អធិការខណ្ឌ និងអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបង្ក្រាបបានឈ្មោះ ង្វៀង យ៉ាំងហុង អាយុ៣១ឆ្នាំ មានទីលំនៅ៩ ភូមិសង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ថ្នាំក្រាមពណ៌សថ្លា ចំនួន៤៧កញ្ចប់។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន លោកបានចាត់អធិការរងទទួលផែនជំនាញ បើកប្រតិបត្ដិការបង្រ្កាបជនសង្ស័យ បានភ្លាមពេលកំពុងចែកចាយ គ្រឿងញៀន ហើយជនសង្ស័យលាក់គ្រឿងញៀន ក្នុងកាបូបស្ពាយ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿង រួមនិងវត្ថុតាងថ្នាំក្រាមសថ្លា ចំនួន៤៧កញ្ចប់ ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ លោកអធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់ និងប៉ះពាល់ខូចសុខភាព បែកបាក់គ្រួសារដោយសារ គ្រឿងញៀន ហើយត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន៕