(ភ្នំពេញ)៖ ស្រ្តីឈ្មោះ អ៊ុត អន ម្តាយរបស់កីឡាប្រដាល់អេ ភូថង ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បានចាកចេញពីពន្ធនាគារហើយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ នេះបើតាម លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោសដល់ ទណ្ឌិតជាស្រ្តីឈ្មោះ អ៊ុត អន ហៅអាត អុន។ ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

បើតាម លោក ជិន ម៉ាលីន បានឱ្យដឹងថា តាមរយៈការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គសមក) កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំដោយផ្ទាល់ទៅសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីផ្តល់នូវការលើកលែងទោសដល់ស្ត្រីមួយរូបឈ្មោះ អ៊ុត អន អាយុ ៥៨ឆ្នាំ ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ម២ ផ្អែកលើគោលការណ៍មនុស្សធម៌ ដោយស្រ្តីរូបនេះ បច្ចុប្បន្នកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។

លោកបន្តថា តាមរយៈការចុះពិនិត្យ និងជួបផ្ទាល់ជាមួយស្រ្តីរូបនេះ នៅមណ្ឌលអប់រំកែប្រទី២ ម២ ក្រុមការងារ គសមក សង្កេតឃើញថា ស្ថានភាពជំងឺរបស់ស្រ្តីជាប់ឃុំរូបនេះ ពិតជាធ្ងន់ធ្ងរដូចការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារមែន ហើយករណីស្រ្តីនេះ ក៏មានសាលដីការសា្ថពរចេញដោយសាលាឧទ្ធរណ៍រួចហើយដែរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ផ្តន្ទាទោស០៨ឆ្នាំ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបានឃុំខ្លួនតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មកម្លះ ដូច្នេះការអនុវត្តទោសក្នុងពន្ធនាគារនៅសល់ប្រហែលជា ៣ខែទៀតប៉ុណ្ណោះ ដោយគិតពីថ្ងៃឃុំខ្លួន។

ការស្នើត្រង់ដោយផ្ទាល់ទៅសម្តេចតេជោ ក្នុងករណីនេះ គឺដើម្បីផ្តល់ឱកាសដល់ស្រ្តីជាប់ឃុំរូបនេះ ឆាប់បានចេញពីពន្ធនាគារ និងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិ សម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយរបស់គាត់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រទី២ ម២ ដែលបានផ្តល់នូវកិច្ចសហការក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌នេះ។ នេះបើតាម លោកជិន ម៉ាលីន។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងអំណរគុណជាអនេកជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកាយវិការនិងទឹកចិត្តមនុស្សធម៌ ដែលជាមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតរកអ្វីប្រៀបប្រដូចពុំបាន ដែលសម្តេចតែងតែមានចំពោះជនគ្រប់រូប និងជាពិសេសការយកចិត្តទុកដាក់ និងគាំទ្រដោយផ្ទាល់របស់សម្តេច ដល់ការងារនិងបេសកកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕