(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាដល់បណ្ដាមន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់ និងបន្សាបបញ្ហាបង្អើលនៃវីរុស COVID-19 ដល់ប្រជាជនទាំងអស់ កុំឱ្យមានការភិតភ័យជ្រុលហួសហេតុ និងវិធានការការពារផ្សេងៗ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៉ីជម្រៅ ហើយលោកថែមទាំងផ្ដល់អនុសាសន៍ ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ដែលចេញ-ចូលតាមច្រកទាំង៤ នៃខេត្តកណ្ដាល ធ្វើយ៉ាងណាត្រូវមានភាពរលូនដដែលលើពាណិជ្ជកម្ម ប៉ុន្តែតឹងរឹងលើបញ្ហាមនុស្ស ដែលត្រូវតែពិនិត្យឱ្យបានហ្មត់ចត់។

លោកអភិបាលខេត្ត បានចេញនូវបទបញ្ជា និងវិធានការយ៉ាងដូច្នេះ នៅគ្រាដែលលោកបានដឹកនាំគណៈអភិបាល សមត្ថកិច្ច និងមន្ទីរ អង្គភាពជំនាញ ចុះត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំនៅតាមច្រកទ្វារព្រំដែន ដែលកិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។

លោក គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់គ្រប់ជាន់ថ្នាក់ ត្រូវតែបង្កើនការផ្សព្វផ្សាយឱ្យបានផុសផុលដល់បណ្ដាប្រជាពលរដ្ឋទាំងអស់នៃខេត្តកណ្ដាល កុំឱ្យមានការភិតភ័យ ជ្រុលហួសហេតុ កុំជឿព័ត៌មានអកុសលទាំងឡាយ កុំជឿព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ កុំជឿសារសម្លេងផ្ដេសផ្ដាសតាម Messenger ឬសម្លេងសារតាមប្រព័ន្ធផ្សេងៗ ដែលនាំមានមហន្តរាយប៉ះពាល់សតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរ ពិសេសសូមកុំឱ្យមានការរើសអើង ឬ បង្ហាញពីការស្អប់ខ្ពើមដល់ជនដែលមានផ្ទុកវីរុស COVID-19 និងក្រុមគ្រួសាររបស់ពួកគេ។

លោកអភិបាលខេត្តដដែលបានលើកឡើងផងដែរ ពីវិធានការណ៍រឹតបន្តឹងលើការចេញ-ចូលច្រកព្រំដែន ខណៈវៀតណាមបានបិទច្រកព្រំដែនតាំងពីថ្ងៃទី១៨ មកម្លេះ រីឯកម្ពុជាយើងវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចថានឹងបិទច្រកទាំងអស់ផងដែរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង0៖00 នាទី។ ប៉ុន្តែសម្រាប់ការនាំចេញ-ចូលទំនិញទាំងឡាយ ត្រូវបានសម្របសម្រួលដដែល ខណៈលក្ខណ្ឌមួយចំនួននៃតៃកុងឡាន ឬ កម្មករលើកដាក់ទំនិញទាំង២ភាគី ត្រូវបានពិភាក្សាគ្នាដោយឈរលើកត្តាមួយចំនួន។

គួររម្លឹកដែរថា បើយោងតាមលោក គង់ សោភ័ណ្ឌ ដែលបានចុះពិនិត្យទីតាំងនៃមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅនាពេលកន្លងទៅ គឺគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្ដាល បានត្រៀមខ្លួនជាស្រេចចំពោះការឆ្លើយតបនឹងករណីវីរុស COVID-19 ហើយក្រុមគ្រូពេទ្យនឹងព្យាបាលជូនពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត៕