(កណ្ដាល)៖ លោក គុយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឲ្យដឹងថា ពលរដ្ឋម្នាក់ដែលផ្ទុក COVID-19 នៅស្រុកស្អាង ខេត្តកណ្ដាល មានសុខភាពល្អធម្មតា និងកំពុងយកចិត្តទុកដាក់ពិនិត្យថែទាំពីក្រុមគ្រូពេទ្យជំនាញ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ លោក គុយ ប៊ុនធឿន បានបញ្ជាក់ថា អ្នកដែលផ្ទុក COVID-19 នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ តាំងពីថ្ងៃទី១៨ ខែមីនា។ រីឯអ្នកផ្ទះគាត់៣នាក់ទៀត ក៏បានណែនាំឲ្យស្នាក់នៅតែក្នុងផ្ទះ និងបានយកសំណាកទៅពិនិត្យនៅប៉ាស្ទើររួចរាល់ហើយដែរ រង់ចាំលទ្ធផលបញ្ជាក់ក្នុងពេលឆាប់ៗនេះ។

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបន្ថែមថា ទន្ទឹមករណីនេះកើតឡើងនៅស្រុកស្អាងមួយករណីមែន ប៉ុន្តែពលរដ្ឋដែលផ្ទុកមេរោគនោះ គឺឆ្លងពីម៉ាឡេស៊ីឯណោះ មិនមែនឆ្លងនៅកម្ពុជាឡើយ ដូច្នេះសូមប្រពលរដ្ឋអ្នកស្រុកស្អាងទាំងអស់ កុំភ័យខ្លាំងពេក ហើយត្រូវរក្សាអនាម័យ ចូលរួមការពារខ្លួន ការពារក្រុមគ្រួសារឲ្យបានល្អ ពិសេសកុំមានការរើសអើងគ្នា កុំស្អប់-ខ្ពើមគ្នា ប៉ុន្តែបែជាមកបង្ហាញពីក្ដីអាណិតអាសូរ និងលើកទឹកចិត្តគ្នាវិញ ល្អប្រសើរជាងការស្ដីបន្ទោស ត្បិតគ្មានជនណាម្នាក់ចង់ឆ្លងវីរុសនេះទេ។

បើតាមការលើកឡើងរបស់ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដែលបានចុះពិនិត្យទីតាំង នៃមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ នាពេលកន្លងទៅ បានបញ្ជាក់ថា គ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្ដាល បានត្រៀមខ្លួនជាស្រេចចំពោះការឆ្លើយតបនឹងករណីវីរុស COVID-19 នេះ ហើយក្រុមគ្រូពេទ្យ នឹងព្យាបាលជូនពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត និងសូមមានទំនុកចិត្តខ្ពស់ចំពោះវិស័យសុខាភិបាលកម្ពុជា៕