(ភ្នំពេញ)៖ ​បណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈវីដេអូខ្លីមួយ បានផ្ញើ​ជូន​មាតាបិតា​​ក្នុង​ការ​ជួយ​គាំទ្រ​កូន​ៗ​ឲ្យ​រៀន​សូត្រ​នៅ​ផ្ទះ ដើម្បីចូលរួមការពារ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមសហការជាមួយក្រសួងអប់រំ ក្នុងការបង្ការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺ Covid-19 តាមរយៈការសម្រេចដាក់ឲ្យ អនុវត្តន៍វិស្សមកាលតូច មុនកាលកំណត់រហូតដល់មានការជូនដំណឹងតាមក្រោយ។

លោករដ្ឋមន្ត្រីក៏បានណែនាំដល់មាតាបិតាទាំងអស់ សូមកុំឲ្យកូនៗដើរលេងនៅកន្លែង ដែលអាចមានហានិភ័យខ្ពស់ ចំពោះសុខភាព ពិសេសសូមណែនាំឲ្យកូនចៅរក្សានូវអនាម័យ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ទៅតាមគោលការណ៍ណែនាំរបស់ក្រសួង។

 លោកបណ្ឌិតសភាចារ្យបន្ថែមទៀតថា «ដើម្បីធានាបាននូវការសិក្សា ក្រសួងស្នើសុំឲ្យមាតាបិតា រៀបចំកន្លែងក្នុងផ្ទះឲ្យមានបរិស្ថានសមស្រប មានតុ មានកៅអី ហើយប្រសិនជាអាច ត្រូវមានកុំព្យួរទ័រ អ៉ីធើណេត ហើយជាពិសេសសូមមាតាបិតាជួយកូន ក្នុងការស្វែងរកឯកសារសម្រាប់រៀនបន្ថែម តាមរយៈគេហទំព័រ Facebook និង Youtube ដែលក្រសួងបានផលិតនាពេលកន្លងមក និងត្រូវប្រាប់កូនអំពីជំងឺ Covid-19 ដូចជាការឆ្លងជំងឺ ក៏ដូចជាវិធីផ្សេងក្នុងការបង្ការ និងទប់ស្កាត់ជំងឺ ដើម្បីមានការភ័យខ្លាច និងមានអារម្មណ៍នឹងហ្នក្នុងចិត្ត»។

សូមជម្រាបថា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី៕