(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកទឹកចិត្តបងប្អូនខ្មែរដែលផ្ទុកវីរុស Covid-19 ថា សូមកុំមានការភិតភ័យអ្វី ព្រោះជំនាញពេទ្យពិតជាមានប្រសិទ្ធភាព ដោយអាច ព្យាបាលអ្នកជំងឺបានធូរស្បើយ ហើយឈានដល់ការជាសះស្បើយនាពេលឆាប់ៗនេះ មិនខានឡើយ ដូច្នេះសូមបងប្អូនកុំស្លន់ស្លោ កុំគិតច្រើន កុំស្ត្រេស ដែលនាំឱ្យខ្សោយប្រព័ន្ធការពាររាង្គកាយ និងនាំឱ្យបាកទឹកចិត្តជាដើម។

លោកអភិបាលខេត្ត បានលើកទឹកចិត្តយ៉ាងដូច្នេះ នៅគ្រាដែលលោកបានដឹកនាំមន្ត្រីជាច្រើននាក់ ចុះសួរទុក្ខ និងចែកអំណោយដល់បងប្អូន អ្នកផ្ទុកវីរុស Covid-19 នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភ ចំពោះជំងឺ Covid-19 នេះ ព្រោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ កំពុងតែព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ហើយរាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូនឯការឡើយ ជាពិសេសជុំវិញករណីជំងឺរលាកសួតថ្មី Covid-19 បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះតែម្ដង ដោយតែងតែជំរុញដល់មន្ត្រីថ្នាក់ក្រោមឱ្យថែទាំ និងទុកចិត្តទុកឱ្យបានម៉ត់ចត់ជាទីបំផុត។

លោក គង់ សោភ័ណ្ឌ ក៏បានសំដែងអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃ ទាំងយប់រហូតដល់១៥ ទៅ ១៦ម៉ោង ក្នុង១ថ្ងៃ ជំវិញករណី COVID-19 នេះ។

លោកអភិបាលខេត្តបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់បងប្អូននាពេលនេះ មានចំនួនតិចតួចក្តី ក៏សង្ឃឹមថា នឹងអាចសម្រួលដល់បងប្អូនបានមួយចំណែកតូច ហើយក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំ។ លោកក៏បានផ្ញាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវលាងសំអាតដៃឱ្យបានញឹកញាប់ ពេលធ្វើដំណើរចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។

អំណោយមនុស្សធម៌ ដែលបានឧបត្ថម្ភរួមមាន៖ មីខ្លាឃ្មុំចំនួន ៤កេស ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស និងថវិកាឧបត្ថម្ភដល់គ្រួសារអ្នកជំងឺចំនួន ២លានរៀល និងអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យឧបត្ថម្ភថវិកា ១លានរៀល។

គួរជម្រាបថា ពលរដ្ឋនៅខេត្តកណ្ដាលមានចំនួន១១នាក់ ត្រូវបានយកកំហាកទៅពិនិត្យ ជាលទ្ធផលឃើញវិជ្ជមានម្នាក់ អវិជ្ជមានចំនួន១០នាក់ ខណៈដែលមនុស្សម្នាក់ដែលមានផលវិជ្ជមាននោះគឺស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល៕