(កណ្តាល)៖ យុទ្ធនាការ នៃការចុះរឹតបន្តឹងច្បាប់ចរាចរណ៍នៅក្រុងតាខ្មៅរយៈពេល ៦ថ្ងៃមកនេះ នគរបាលខេត្តបានឃាត់រថយន្តបានចំនួន ៨៣គ្រឿង ក្នុងនោះអប់រំចំនួន ១១គ្រឿង ពិន័យចំនួន ៦៩គ្រឿង ព្រមទាំងផាកពិន័យជាថវិការសរុបបានជិត ២១លានរៀល ខណៈរថយន្តខ្លះជារបស់លោកធំ និងមានខ្សែទុយោ ប៉ុន្តែដោយយោងតាមឆន្ទៈច្បាប់ និងគោរពតាមគោល បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល រថយន្តដែលចាប់បានទាំងអស់ ត្រូវតែពិន័យទៅតាមច្បាប់គ្មានយោគយល់ថា ជារបស់លោកធំលោកតូចខ្សែរទុយោណានោះទេ។

ប្រតិបត្តិការដូចភ្លៀងរលឹមនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងដឹកនាំផ្ទាល់ពីលោក វ៉ែន សុវិន ស្នងការរង, លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ ព្រមទាំងលោក ឱក សុភាព នាយការិយាល័យព័ត៌មានផងដែរ។

លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ខេត្តឲ្យដឹងថា នគរបាលចរាចរនឹងចាប់ផ្ដើមរឹតបន្តឹង ផាកពិន័យទៅលើការប្រព្រឹត្តិល្មើសចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលជាទីបារម្ភណ៍រាល់ថ្ងៃនេះ ហើយពិសេសស្របទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បានឲ្យដឹងដែរថា កម្លាំងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាំងពីថ្ងៃទី១៣ ខែមីនាមកម្លេះ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម និងធ្វើការផាកពិន័យទៅលើរថយន្តល្មើសច្បាប់មួយរយភាគរយ។

លោកស្នងការរងបានឲ្យដឹងទៀតថា ដោយអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ រូបលោកបានដឹកនាំកម្លាំង នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម ដើម្បីត្រួតពិនិត្យទៅលើបច្ចេកទេសយានយន្ត, ឯកសារយានយន្ត និងការផ្ទុកនៅលើយានយន្ត។ ក្នុងករណីរកឃើញរថយន្តល្មើសច្បាប់ សមត្ថកិច្ចនឹងនាំយករថយន្ត និងអ្នកបើកបរល្មើសច្បាប់ទាំងនោះទៅធ្វើការផាកពិន័យមួយរយភាគរយ នៅការិយាល័យចរាចរណ៍ផ្លូវគោកតាមច្បាប់កំណត់។

ជុំវិញករណីនេះ លោកបញ្ជាក់ផងដែរថា សកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម និងធ្វើការដាក់គោលដៅពិនិត្យជាតិអាល់កុលពេលយប់ផងដែរ ក្នុងគោលបំណងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ លោកក៏សំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ជៀសបញ្ហាណាមួយកើតឡើងជាយថាហេតុ៕