(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង មានក្តីរីករាយឥតឧបមាដោយពួកគាត់ បានទទួលនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងមូលដ្ឋានរបស់ពួកគាត់ ពីប្រមុខរាជរដ្ឋាភិបាល ដែលពីមុនមកពួកគាត់ពុំដែលធ្លាប់មានសមិទ្ធផលទាំងនោះរួមមាន ផ្លូវលំ១ខ្សែមានប្រវែងជាង ២២គីឡូម៉ែត្រែនិងកសាងបានប្រមាណ៧០%ហើយ សាលាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌល សុខភាព ដែលមកទល់ពេលនេះ កំពុងតែចាប់ផ្តើមធ្វើការសាងសង់ រីឯសាលាបឋម សិក្សា អនុវិទ្យាល័យ ដែលកន្លងមកធ្វើអំពីឈើបណ្ដែតលើទឹក ពេលនេះអាជ្ញាធរស្រុកក៏កំពុងតែធ្វើសំណើ ទៅរាជរដ្ឋាភិបាលបន្តផងដែរ។

សមិទ្ធិផលថ្មីៗទាំងនេះ គឺផ្តើមចេញពីប្រទេសជាតិមានសុខសន្តិភាព ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូកគាំទ្រ និងអបអរសារទរយ៉ាងក្រៃលែង ដោយសារតែតំបន់នេះ ជាតំបន់ដាច់ស្រយាលពីទីរួមស្រុក និងជាតំបន់ដីទំនាបលិចទឹកជារៀងរាល់រដូវ ដូច្នេះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជួបការលំបាកដោយនៅរដូវវស្សាពួកគាត់ត្រូវការធ្វើដំណើរតាមផ្លូវទឹក ដែលជួបហានិភ័យខ្ពស់ រីឯរដូវប្រាំងវិញ គឺពុំដែលមានផ្លូវធ្វើដំណើរទៅមកបានស្រួលនោះឡើយ។ ប៉ុន្តែពេលនេះ គឺប្រជាពលរដ្ឋបានទទួលផ្លូវលំ១ខ្សែមានប្រវែងជាង ២២គីឡូម៉ែត្រែ បែកចេញពីឃុំច្រណូក ស្រុកកំពង់លែង ទៅកាន់ឃុំផ្លូវទូក បាននិងកំពុងកសាងដោយក្រសួងសាធារណការ និងក្រុមការងារសម្តេចឪ ដែលជាគម្រោងថវិការបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់គិតគូរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចជវាហ្វាំង គង់ សំអុល ប្រធានក្រុមការងារជាតិ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ប្រមុខរាជរដ្ឋាភិបាលបានទម្លាក់ថវិការជួយកសាងផ្លូវលំថ្មី១ខ្សែ មានប្រវែងជាង ២២ គីឡូម៉ែត្រ បែកចេញពីឃុំច្រណូក ទៅកាន់ឃុំផ្លូវទូក ស្រុកកំពង់លែង ផ្លូវលំនេះបានដំណើរការកសាងជាង២ឆ្នាំមកហើយ គឺខាងក្រសួងសាធារណៈការកសាងបានប្រវែង ៧.៩០គីឡូម៉ែត្រ ហើយនៅក្នុងឆ្នាំនេះក្រុមការងារសម្តេចឪ បាននិងកំពុងកសាងបន្ត ដែលគិតមកដល់ពេលនេះកសាងបានប្រមាណ៧០%។

លោកអភិបាលស្រុកកំពង់លែងបានបន្តថា កន្លងមកការធ្វើដំណើរតាមទូក កាណូតផ្លូវទឹកទៅកាន់ឃុំផ្លូវទូក នៅរដូវទឹកឡើង និងរដូវប្រាំងតែងជួបការលំបាក ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសពេលយកអ្នកជំងឺ ឬអ្នកសម្រាលកូន ដែលជាករណីចាំបាច់ភ្លាមៗមកកាន់ មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យខេត្ត ដោយសារនៅតាមព្រែក និងទន្លេមានកំប្លោកកកស្ទះច្រើន ការធ្វើដំណើរមានការយឺតយ៉ាវជាច្រើនម៉ោង ប៉ុន្តែនៅពេលផ្លូវនេះកសាងរួចនោះ ប្រជាពលរដ្ឋលែងជួបការលំបាកទៀតផងដែរ។

ដោយឡែកនៅក្នុងមូលដ្ឋានឃុំផ្លូវទូកបច្ចុប្បន្ន ក្រោយពីបានអនុវត្តផែនការបន្លាស់ទីផ្ទះបណ្តែតទឹក ឡើងមករស់នៅលើគោករួចមក អាជ្ញាធរស្រុក និងឃុំបាននឹងកំពុងរៀបចំឲ្យប្រជាពលរដ្ឋមានដីធ្លីសង់លំនៅដ្ឋាន សមស្របនៅតាមផ្លូវលំថ្មី ដែលអាជ្ញាធរកំពុងស្នើសុំទៅថ្នាក់លើ សុំចែកដីលំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងឃុំដែលមានចំនួន៧២១គ្រួសារ ដែលបានបន្លាស់ទីពីផ្ទះបណ្តែតទឹក ឡើងមករស់នៅលើគោក គឺក្នុង១គ្រួសារនឹងទទួលបានដីទំហំ២០ម៉ែត្រ គុណនិង១០០ម៉ែត្រ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំវិញ គឺក្រសួងមហាផ្ទៃបានជួយកសាងប៉ុស្តិ៍នគរបាលរដ្ឋបាល បានរួចរាល់ហើយ និងកសាងសាលាឃុំផ្លូវទូកថ្មី ជិតរួចរាល់ហើយដែរ ចំណែកមណ្ឌលសុខភាព ក៏កំពុងដំណើរការសាងសង់ ចំពោះអនុវិទ្យាល័យ និងសាលាបឋម សិក្សាឃុំផ្លូវទូក ដែលមានអគារសិក្សាអំពីឈើបណ្តែតលើទឹកពីមុនមកនោះ អាជ្ញាធរក៏កំពុងសិក្សាស្នើសុំថ្នាក់លើឲ្យជួយកសាងសង់អគារថ្មជំនួសវិញ ដែលអាជ្ញាធរបានបំរុងដីទុកសាងសង់ទំហំ១ហិចតារួចហើយ នៅមុខសាលាឃុំថ្មីនេះ។

ប្រជាពលរដ្ឋឃុំផ្លូវទូក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជាថ្នាក់អ្នកដឹកនាំ និងក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានជួយកសាងសមិទ្ធិផលទាំងអស់ខាងលើនេះ ជូនប្រជាពលរដ្ឋឃុំផ្លូវទូក។ ប្រជាពលរដ្ឋសង្ឃឹមថា នៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងអស់ បានកសាងរួចរាល់ ប្រជាពលរដ្ឋ នឹងអស់ទុក្ខកង្វល់ ដោយបានរស់នៅមានសុភមង្គល នៅក្នុងសហគមន៍របស់ពួកគាត់ប្រកបទៅដោយសុខសន្តិភាព៕