(ព្រៃវែង)៖ អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ត្រូវបានលោក ហួម តាំងហឿត អនុប្រធានក្រុមការងារចុះជួយស្រុកស៉ីធរកណ្ដាល និងជាប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី យកទៅប្រគល់ជូនប្រជាពលរដ្ឋ១០គ្រួសារ ដើម្បីចូលរួមចំណែកការលំបាក។

លោក ហួម តាំងហឿត ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង បាននាំអំណោយយកទៅជូនប្រជាពលរដ្ឋ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដែលសុទ្ធតែទីទាល់ក្រចំនួន១០គ្រួសារ រស់នៅភូមិព្រៃព្រហ្ម, ភូមិត្រពាំងចាម, ភូមិត្រាច, និងភូមិចុង ស្ថិតក្នុងឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោក ហួម តាំងហឿត ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចក្រឡាហោម ស ខេង ជូនប្រជាពលរដ្ឋផងដែរ និងបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់។

ដោយសារតែបច្ចុប្បន្នកំពុងតែប្រឈមជាមួយជំងឺ COVID-19 លោក ហួម តាំងហឿត បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យឲ្យបានខ្ពស់ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ ព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងតែយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ជំងឺនេះ។

គួរជម្រាបថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋក្នុងឱកាសនោះ មួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម, មីម៉ាម៉ាមួយកេស, សាច់ក្រកកន្លះគីឡូ, ប៊ីចេងមួយកញ្ចប់, ស្ករសមួយគីឡួក្រាម, អំបិលមួយគីឡូក្រាម, ប្រេងឆាមួយធុង, ទឹកត្រីមួយយួរ, ទឹកស៉ីអ៉ីវមួយយួរ និងថវិកា៥ម៉ឺនរៀល។

ក្រោមមកលោក ហួម តាំងហឿត ព្រមទាំងសហការីក៏បានជួបសុខទុក្ខមេភូមិចុង អាយុ៨០ឆ្នាំ ដែលកំពុងមានជំងឺ និងអនុប្រធានក្រុមប្រឹក្សាឃុំ លោក គឹម ស៉ិន ដែលកំពុងឈឺដើរមិនរួចផងដែរ៕