(ភ្នំពេញ)៖ នៅសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគចំនួន៧លានដុល្លារអាមេរិក។

គម្រោងវិនិយោគទាំង៣នោះរួមមាន៖

១៖ ក្រុមហ៊ុន MIL UNITED MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង។

២៖ ក្រុមហ៊ុន JIN MING LI JIAN ONE CO., LTD. គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៣៖ ក្រុមហ៊ុន SUZEN (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៦កន្លែង៕