(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ សម្រេចបង្កើនគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ COVID-19 ដែលមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធាន។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ក្រៅពីសម្ដេចក្រឡាហោម ស ខេង ជាប្រធានហើយនោះ គណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ COVID-19 នៃក្រសួងមហាផ្ទៃនេះ អមដោយអនុប្រធានអចិន្ដ្រៃយ៍០១រូប, អនុប្រធាន១៧រូប និងសមាជិក១៦រូបផ្សេងទៀត។

សម្ដេចក្រឡាហោម ស ខេង បានកំណត់ថា គណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

* រៀបចំផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (COVID-19)

* ផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការស៉ីវិល និងនគរបាលជាតិ ក្រសួងមហាផ្ទៃទាំងអស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លង នៃជំងឺកូវីដ១៩ (COVID-19)

* តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ (COVID-19)

* បំពេញតួនាទីភារកិច្ចតាមជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមគាំទ្រដល់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)

* បំពេញការងារចាំបាច់ផ្សេងៗទៀត ទៅតាមស្ថានភាពវិវត្តន៍ នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា៕