(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតនៅម៉ាឡេស៉ី មិនត្រូវចល័តពីកន្លែងមួយ ទៅកន្លែងមួយ ពេលគ្មានករណីចាំបាច់ ព្រោះអាចប្រឈមនឹងការអនុវត្តច្បាប់របស់អាជ្ញាអរម៉ាឡេស៉ី។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេស ម៉ាឡេស៉ីទាំងអស់ ឲ្យដឹងថា ដើម្បីពង្រឹកការអនុវត្តបទបញ្ជាត្រួតពិនិត្យ ការធ្វើដំណើរ (Movement Control Order) ដែលបានដាក់ចេញសម្រាប់រយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ឲ្យមានប្រសិទ្ធិភាពខ្ពស់ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចដាក់ពង្រាយកងទ័ព ឲ្យជួយដល់កម្លាំងនគរបាល ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ក្នុងការត្រួតពិនិត្យរាល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ សំដៅធានាឲ្យបានថា ប្រជាពលរដ្ឋទាំងអស់ ត្រូវស្នាក់នៅតាមគេហដ្ឋាន ឬទីកន្លែងស្នាក់នៅរៀងៗខ្លួន រហូតដល់បញ្ជានេះត្រូវបានបញ្ចប់។

ស្ថានទូតបញ្ជាក់ថា៖ «ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ស្ថានឯកអគ្គរាជទូតសូមអំពាវនាវជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតកម្ពុជាទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៉ី សូមអនុវត្តន៍សេចក្តីណែនាំរបស់អាជ្ញាធរម៉ាឡេស៉ី ដោយមិនត្រូវចល័តពីកន្លែងមួយទៅកន្លែងមួយដែលគ្មានករណីចាំបាច់ ដែលអាចប្រឈមនឹងការអនុវត្តច្បាប់ របស់កងកម្លាំងមានសមត្ថកិច្ច ក្នុងអំឡុងពេលដែលបទបញ្ជា ត្រួតពិនិត្យការធ្វើដំណើរកំពុងស្ថិតនៅជាធរមាន»។

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសម៉ាឡេស៊ីទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ១១៨៣នាក់ អ្នកស្លាប់ចំនួន ៤នាក់ និងអ្នកជាសះស្បើយចំនួន ១១៤នាក់៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖