(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចេញសេចក្ដីជូនដំណឹងមួយ ដែលរាជរដ្ឋាភិបាលកូរ៉េ បានដាក់ចេញនូវវិធានការរឹតបន្ដឹង ទៅដល់អ្នកធ្វើដំណើរទាំងអស់ដែលគ្រោងធ្វើដំណើរចូលសាធារណរដ្ឋកូរ៉េ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

វិធានការដែលបានដាក់ចេញដោយរដ្ឋាភិបាលកូរ៉េនោះរួមមាន៖

*ទី១៖ ត្រួតពិនិត្យកំដៅក្នុងខ្លួន និងបំពេញបែបបទប្រកាសសុខភាព ព្រមទាំងប្រកាសកំណត់ត្រាធ្វើដំណើរទៅពេលចូលមកដល់អាកាសយាន្ដដ្ឋានអន្ដរជាតិ។

*ទី២៖ ផ្ដល់លេខទំនាក់ទំនង និងអាសយដ្ឋាននៅក្នុងប្រទេសកូរ៉េឲ្យបានច្បាស់លាស់ នៅក្នុងលិខិតធ្វើដំណើរ (Travel Record Declaration) នោះ។ មន្ដ្រីអន្ដោប្រវេសន៍កូរ៉េ នឹងធ្វើការផ្ទៀងផ្ទាត់ នៅនឹងកន្លែងដោយផ្ទាល់ថា តើលេខទូរស័ព្ទដែលអ្នកធ្វើដំណើរផ្ដល់ឲ្យនោះ អាចទំនាក់ទំនងបានដែរឬទេ គេនឹងមិនអនុញ្ញាតឲ្យចូលប្រទេសកូរ៉េទេ ក្នុងករណីដែលលេខទូរស័ព្ទ ដែលផ្ដល់ឲ្យនោះមិនអាចទំនាក់ទំនងបាន។

*ទី៣៖ ដម្លើងកម្មវិធី (The Self Diagnosis App) ក្នុងទូរស័ព្ទហើយរាយការណ៍អំពីស្ថានភាព សុខភាពរៀងរាល់ថ្ងៃតាមរយៈកម្មវិធីនេះ រយៈពេល១៤ថ្ងៃ។ ក្នុងករណីដែលបង្ហាញថា មានរោគសញ្ញាអាចជាករណីឆ្លងវីរុស COVID-19 ក្នុងរយៈពេល២ថ្ងៃជាប់គ្នា មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងកូរ៉េ (KCDC) និងអាជ្ញាធរក្នុងតំបន់ នឹងធ្វើការតាមដាន ហើយចាត់វិធានការចាំបាច់ជាបន្ទាន់។

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសកូរ៉េទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ៨៧៩៩នាក់ អ្នកស្លាប់ចំនួន ១០២នាក់ និងអ្នកជាសះស្បើយចំនួន ២៦១២នាក់៕