(កណ្ដាល)៖ បន្ទាប់ពីមានការផ្អាកច្រកព្រំដែនរវាងកម្ពុជា-វៀតណាមរួចមកលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានជំរុញដល់សមត្ថកិច្ចតាមច្រកព្រំដែនក្អមសំណរ ស្ថិតនៅស្រុកលើកដែកជាប់វៀតណាម ត្រូវអនុវត្តន៍ឱ្យបានល្អតាមការណែនាំរបស់ថ្នាក់លើ ពិសេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ដើម្បីចូលរួមទប់ស្កាត់ COVID-19។

លោកអភិបាលរងខេត្ត បានជំរុញយ៉ាងដូច្នេះនៅគ្រាដែលលោក បានដឹកនាំមន្ត្រីជាច្រើននាក់ចុះពិនិត្យស្ថានការណ៍នៅតាមច្រកព្រំដែនក្អមសំណរនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល លោក តាំង ម៉េងលាន បានបញ្ជាក់ថា ដោយគោរពតាមបទបញ្ជារបស់ថ្នាក់លើ ពិសេសពីលោកអភិបាលខេត្ត លោកបានស្នើឱ្យ អភិបាលស្រុក ប្រធានច្រកទ្វារ និងរាល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីអនុវត្តន៍វិធានការណ៍ទាំងឡាយឱ្យបានល្អឥតខ្ចោះ និងត្រូវធ្វើការសម្របសម្រួល ការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ឱ្យមានសភាពល្អដដែល ប៉ុន្តែចំពោះលក្ខខណ្ឌផ្សេងៗ ត្រូវអនុវត្តន៍ឱ្យបានល្អប្រសើរ ចៀសវាងការធ្វេសប្រហែសណាមួយជាដាច់ខាត ព្រោះនេះជាវិធានការណ៍ទប់ស្កាត់ ការរាតត្បាតវីរុស COVID-19។

លោកបន្តទៀតថា អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋឱ្យមានការយល់ដឹងច្បាស់លាស់ពីបញ្ហាវីរុស COVID-19 នេះ ពិសេសណែនាំពួកគាត់កុំឱ្យភ័យជ្រុលពេក កុំជឿព័ត៌មានក្លែងក្លាយ កុំជឿសារសម្លេងផ្ដេសផ្ដាសគ្មានភាតុតាង តែត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងទៅលើព័ត៌មានធំៗទៅបានហើយ ប៉ុន្តែទន្ទឹមនឹងករណីនេះផងដែរ ពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អជាប្រចាំ ដើម្បីបញ្ជៀសបញ្ហាការឆ្លង COVID-19 ជាយថាហេតុ។

ទន្ទឹមនឹងសារនេះផងដែរ លោក សុទ្ធ សាវឿន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក៏បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ដោយយោងតាមស្មារតីថ្នាក់លើទាំងអស់ និងគោរពតាមបទបញ្ជារបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោក និងក្រុមមន្ត្រីទាំងអស់បាន និងកំពុងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃទៅលើការងារទាំងនេះ ពិសេសផ្ដោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្មទំនិញចេញ-ចូលរវៀងកម្ពុជា-វៀតណាម ដោយធ្វើការត្រួតពិនិត្យឱ្យបានម៉ត់ចត់ និងពិនិត្យសុខភាព ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19 ដល់បណ្ដានាវិក និងបុគ្គលិកទាំងអស់ដែលឆ្លងកាត់ព្រំដែន ដោយមិនមានការធ្វេសប្រហែសឡើយ សំខាន់ឈរលើភាពត្រឹមត្រូវ សុក្រិត យុត្តិធម៌ និងម៉ត់ចត់លើការងារនេះ។

ថ្លែងស្រដៀងគ្នាផងដែរ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានប្ដេជ្ញាថា នឹងអនុវត្តន៍វិធានការណ៍របស់ថ្នាក់លើឱ្យបានល្អជាទីបំផុត ពិសេសឈរលើស្មារតីគោរពតាមបទបញ្ជា របស់អភិបាលខេត្ត លោកនឹងប្ដេជ្ញាថានឹងចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងកុំឱ្យខ្លាចកុំភ័យលើបញ្ហានេះ ពិសេសផ្សព្វផ្សាយពីរបៀប រក្សាអនាម័យ និងការការពារខ្លួនពីបញ្ហាវីរុសនេះមិនឱ្យឆ្លងជាដើម។

លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យស្លន់ស្លោ ខ្លាចជ្រុល​ ពិសេសសូមកុំខ្លាចខ្លាំងពេកទៅលើជនជាតិខ្មែរ ដែលមកពីប្រទេសម៉ាឡេស៊ី ហើយសូមកុំរើសអើងពួកគាត់ ហើយកុំរើសអើងអ្នកកំពុងផ្ទុកវីរុសកូវីត១៩នេះ និងកុំរើសអើសក្រុមគ្រួសាររបស់គាត់ ដោយជំនួសមកវិញនូវក្ដីមេត្តាករុណា សំដែងពីក្ដីអាណិតអាសូរ និងលើកទឹកចិត្តពួកគាត់ក្នុងនាមជាខ្មែរវិញ ទើបល្អប្រសើរជាងការតិទៀនផ្សេងៗ ហើយពិសេសត្រូវចូលរួមទាំងអស់ក្នុងការទប់ស្កាត់វីរុសកូវីត១៩នេះកុំឲ្យរីករាលដាល និងធ្វើការអនាម័យទាំងអស់គ្នា៕