(ភ្នំពេញ)៖ លោក ថេដ យ៉ូហូ (Ted S. Yoho) សមាជិកសភារដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលធ្លាប់វាយប្រហារខ្លាំងៗមកលើរាជរដ្ឋាភិបាលកម្ពុជា និងតែងកាន់ជើងអតីតគណបក្សប្រឆាំងនៅកម្ពុជា បានផ្ញើសារដ៏កម្រមួយដោយថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងប្រទេសកម្ពុជា កន្លងទៅនេះ។
លោក ថិត យូហូ ដែលតែងរិះគន់រដ្ឋាភិបាល មិនសម្ចៃមាត់ បានចាត់ទុក ការអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិកចូលចតនេះ គឺជាគំរូដ៏ប្រពៃនៃសាមគ្គីភាពអន្តរជាតិ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់លោក ថេដ អេស.យ៉ូហូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ។
នៅក្នុងលិខិតថ្លែងអំណរគុណ របស់លោក ថេដ អេស. យ៉ូហូ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដោយផ្ទាល់ ចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យនាវា Westerdam បានចូលចត នៅក្នុងប្រទេសរបស់សម្តេចកាលពីខែមុន។ បដិសណ្ឋារកិច្ចរបស់សម្តេច ក្នុងការផ្តល់កន្លែងសុវត្ថិភាពដល់នាវានេះ ឱ្យបានមកដល់ប្រទេសសម្តេច និងការអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតអាមេរិក នាំពលរដ្ឋអាមេរិកច្រើនជាង ៦០០នាក់ ឱ្យទទួលបានសុវត្ថិភាព គឺជាគំរូដ៏ប្រពៃនៃសាមគ្គីភាពអន្តរជាតិ»។
ដោយបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសង្ស័យមានផ្ទុកជំងឺកូវីដ១៩។ នាវានេះដឹកមនុស្សជាង ២២០០នាក់ មកពី ៤១ជាតិសាសន៍ នៅលើពិភពលោក ក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេបង្អស់។ បន្ទាប់ពីអនុញ្ញាតឱ្យចូលចត កម្ពុជាដែលទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ បានសម្រួលនីតិវិធីឱ្យពួកគេហោះហើរទៅកាន់ប្រទេសដែលពួកគេចង់ទៅ និងអនុញ្ញាតឱ្យពួកគេធ្វើដំណើរកម្សាន្តដោយសេរីផងដែរ។
សម្រាប់លោក ថេដ អេស.យ៉ូហូ, នៅក្នុងស្ថានភាពនេះ គឺលោកបានឃើញពីភាពល្អអស្ចារ្យនៃប្រទេសទាំងពីរ ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងអាមេរិក ធ្វើការរួមគ្នា ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស លោកក៏សង្ឃឹមថា ការជួយដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋអាមេរិក និងសង្ឃឹមថាសុច្ឆន្ទៈនេះ អាចក្លាយជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពនាពេលអនាគត។
លោក ថេដ អេស.យ៉ូហូ ក៏បានថ្លែងអំណរគុណចំពោះការសង្គ្រោះរបស់ សម្តេចតេជោ ហ៊ុន សែន ហើយទោះបីជាប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា លើបញ្ហាសំខាន់ៗមួយចំនួនក៏ដោយ ក៏ប៉ុន្តែលោករីករាយដែលប្រទេសកម្ពុជា អាមេរិក នៅតែអាចសម្របសម្រួល ហើយធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលមានបញ្ហាសំខាន់បំផុត។
សូមបញ្ជាក់ថា លោក ថេដ អេស.យ៉ូហូ គឺជាអ្នកផ្តួចផ្តើមបង្កើតសេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០១៩ ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាល។ លោកធ្លាប់បានជំរុញឱ្យរដ្ឋសភា អាមេរិក ដាក់ទណ្ឌកម្មរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់៕