(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការរើសអើងសាសនិកខ្មែរឥស្លាម ដែលផ្ទុកវីរុស COVID-19 បន្ទាប់ត្រឡប់មកពីប្រទេសម៉ាឡេស៉ី ដើម្បីចូលរួមពិធីសាសនាមួយនៅទីនោះ។

ក្នុងសន្និសីទសារព័ត៌មានមួយ ទាក់ទងនឹងផលប៉ះពាល់របស់ COVID-19 មកលើសហគមន៍ឥស្លាមនៅកម្ពុជា ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានអះអាងថា រហូតមកដល់ពេលនេះ ខ្មែរឥស្លាមទាំង៧៩នាក់ ដែលត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានពិនិត្យសុខភាពគ្រប់គ្នាអស់ហើយ ហើយលទ្ធផលបានបង្ហាញថា មាន២៣នាក់វិជ្ជមាន COVID-19 (គិតត្រឹមរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០)។ ក្នុងនោះអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សទាំង២៣នាក់នេះបាន ធ្វើតេស្តប្រមាណ៣០០នាក់ ហើយរកឃើញ៥នាក់ឆ្លង។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា ការឆ្លងវីរុស COVID-19 មិនរើសអើងថាជាតិសាសន៍ណានោះទេ ដូច្នេះហើយគ្មានអ្នកណាម្នាក់ចង់កើតនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើមានអ្នកកើតហើយ យើងត្រូវចូលរួមលើកទឹកចិត្ត អ្នកទាំងអស់នោះ កុំឲ្យអស់សង្ឃឹម និងដើម្បីឆាប់ជាសះស្បើយឡើងវិញ។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅនេះ មានបងប្អូនយើងខ្លះបានយកឱកាសវាយប្រហារគ្នា ប៉ុន្ដែពេលនេះអ្វីដែលសំខាន់ គឺយើងរួមចំណែកការពារនូវជំងឺនេះ កុំឲ្យមានការរីករាលដាល ហើយធ្វើមិចដើម្បីឲ្យជនដែលកើតជំងឺនេះ គាត់នៅតែកក់ក្ដៅថា គាត់ពុំមានការរើសអើងពីអ្នកភូមិ ពុំមានការរើសអើងពីក្រុមគ្រួសារជិតខាង ហើយពុំមានការរើសអើងពីបណ្ដាប្រជាជាតិ»

លោកបានបន្ថែមថា អ្វីដែលសំខាន់នៅពេលនេះ គឺរួមគ្នា ការពារ រក្សាអនាម័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃវីរុស COVID-19 ហើយលោកក៏អំពាវនាវកុំឲ្យមានគំនិតថា ខ្មែរឥស្លាមជាអ្នកនាំជំងឺ COVID-19 ចូលមកប្រទេសកម្ពុជា ពោលពេលពួកគាត់ត្រឡប់មកពីម៉ាឡេស៉ី បានពិនិត្យនៅព្រលានយន្ដហោះម្ដងរួចមកហើយ តែមិនមានផ្ទុកនោះទេ គឺទើបចេញរោគសញ្ញាពេលមកដល់ប៉ុណ្ណោះ។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះទៅប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនថាតែសាសនានោះទេ នឹងមានការយោគយល់ បញ្ឈប់ការរើសអើង ដើម្បីរួមគ្នារក្សាសុខ សន្ដិភាព ក្រោមម្លប់សន្ដិភាពដែលកម្ពុជាកំពុងមាន និងរួមគ្នាកសាងជាតិ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕