(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម (Messenger & Telegram) ដែលថា អាជ្ញាធរនឹងបិទមិនឱ្យជនបរទេសធ្វើចរាចរ នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អាជ្ញាធរគ្មានហេតុផលណាមួយ ដែលត្រូវបិទខណ្ឌបឹងកេងកង ឬភូមិ សង្កាត់ ខណ្ឌណាណាមួយក្នុងរាជធានីភ្នំពេញឡើយ។ ការផ្សព្វផ្សាយព័ត៌មានបែបនេះគឺជាដំណឹងមិនពិតទាល់តែសោះ។

ប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម បានចែករំលែកនូវព័ត៌មានប្រឌិតមួយថា ខណ្ឌបឹងកេងកងត្រូវបានអាជ្ញាធរបិទមិនឱ្យជនបរទេសធ្វើចរាចរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលមានមនុស្ស៥១នាក់ ត្រូវបានរកឃើញថាមានផ្ទុកជំងឺនេះ នៅក្នុងប្រទេសកម្ពុជា។

លោក ម៉េត មាសភក្តី បានពន្យល់រៀបរាប់អំពីទិដ្ឋភាពនៅរាជធានីភ្នំពេញ។ លោកអះអាងថា អនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញ មានបិទមួយរយៈនូវទីតាំងមួយចំនួន ដែលក្នុងនោះមាន ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល សារៈមន្ទីរជាដើម ប៉ុន្តែសម្រាប់ទីប្រជុំជន ទីផ្សារ នៅតែដំណើរការធម្មតា ដោយមិនមានបិទនោះទេ។ ជាមួយគ្នានេះសម្រាប់ការផ្តល់សេវាសាធារណៈ នៅសង្កាត់ ខណ្ឌរាជធានីភ្នំពេញ ក្នុងរាជធានីភ្នំពេញ ក៏កំពុងតែដំណើរការធម្មតា ដើម្បី បម្រើប្រជាពលរដ្ឋជាប្រក្រតី។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ក្រសួងសុខាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការព្យាបាលអ្នកជំងឺកូវីដ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងពេញទំហឹង ដើម្បីជួយដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងកូវីដ១៩នេះ។ យ៉ាងណាក៏ដោយ លោកក៏បានទទួលដំណឹងថា អ្នកជំងឺកូវីដជនជាតិអង់គ្លេសម្នាក់ បានជាសះស្បើយ ដែលនឹងអាចប្រកាសនាពេលឆាប់ៗនេះផងដែរ។

ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿ និងកុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬមិនមានស្ថាប័នច្បាស់លាស់ ពាក់ព័ន្ធនឹងកូវីដ១៩នេះ ហើយអាជ្ញាធរ នឹងចាត់វិធានការស្រាវជ្រាវរកប្រភពនៃជនដែលប្រឌិតព័ត៌មាន ដើម្បីចែកចាយតាមបណ្តាញសង្គមបង្កឱ្យមានការភាន់ច្រឡំ ឬចលាចលនេះ៕