(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជានគរបាលមូលដ្ឋាន បានចុះបង្ក្រាបការលក់អាល់កុលក្លែងក្លាយ។

ប្រតិបត្តិការណ៍ខាងលើដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ, លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រួមនឹងលោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះដកហូតអាល់កុលក្លែងក្លាយ មួយចំនួនធំ ដែលនាំចូលខុសច្បាប់។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៣៖៣០ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ដែលស្ថិតនៅទុកមុខផ្ទះលេខ២៤AEo នៅចំណុចផ្លូវលេខ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា អាល់កុលក្លែងក្លាយដែលដកហូតបានរួមមាន៖ អាល់កុលច្រកចូល ៧៥កាន, ១៩ធុង ១ធុងទំងន់ ១៦៣គីឡូ ក្រាម។

តាមប្រភពព័ត៌មានពីសមត្ថិកិច្ច នៅកន្លែងកើតហេតុ ក៏បានឱ្យដឹងទៀតថា អាល់កុលក្លែងក្លាយមួយចំនួនធំត្រូវ បានម្ចាស់ឃ្លាំងលួចនាំចូល ដោយខុសច្បាប់។

ក្រោយការចុះត្រួតពិនិត្យម្ចាស់ទីតាំងខាងលើ និងអាល់កុលក្លែងក្លាយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅសាលាដំបូង រាជធានីភ្នំពេញ តាមនីតិវិធីច្បាប់។

គួរគម្រាបថា នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះត្រួតពិនិត្យ នៅតាមឱសថស្ថាននានា នៅក្បែរផ្សារអូឡាំពិក ដោយក្នុងប្រតិបត្តិការនោះ បានរឹបអូសអាល់កុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង ខណៈកំពុងដាក់លក់។

អាល់កុលដែលមានលាយមេតាណុលចំនួន ៤ ពីដុងស្មើ ២០លីតត្រូវបានដកហូតហើយ អគ្គនាយកដ្ឋានកាំកុងត្រូល សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផលអាល់កុលណា ដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាតកំចាត់មេរោគ ឬបង្ការវីរុស Covid-19៕