(ភ្នំពេញ)៖ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ចាប់ផ្តើមសាងសង់ហើយ។ អគារគ្រោងចំណាយថវិកាសរុបប្រមាណ ៨លានដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

ពិធីក្រុងពាលីសាងសង់អគារដែលមានឈ្មោះថា «មជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់ក» ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោក នោ ហ្សន់ជូន ប្រធានតំណាងរបស់ទីភ្នាក់ងារ KOICA។

អគារនេះ គ្រោងប្រើរយៈពេលសាងសង់ប្រមាណជា ២០ខែ ហើយគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២២។ អគារមជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់ក មានកំពស់ ៥ជាន់។

អគារនេះនឹងត្រូវបានបំពាក់សំភារៈទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។ ក្រៅពីការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ នឹងត្រូវបានបង្កើនសមត្ថភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និង ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។

សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា។

នៅក្នុងប្រទេសកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេស (CPS) ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិរបស់ខ្លួន ដោយរួមបញ្ចូលយុទ្ធសាស្រ្តជាមួយផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល។

សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួមមាន៖ អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ៕