(ភ្នំពេញ)៖ អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជននានា ត្រូវបានប្រធានក្រុមការងារទី៣ នៃសមាគមនិស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បាននាំយកទៅឧបត្ថម្ភជូន «ជូនមជ្ឈមណ្ឌលឱកាសខ្ញុំ» និងលោកគ្រូ អ្នកគ្រូពេទ្យ តាមរយៈលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

សកម្មភាពយកចិត្តទុកដាក់របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជននានា ចំពោះ «មជ្ឈមណ្ឌលឱកាសខ្ញុំ» ខាងលើនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដោយមានការរួមដំណើរដោយអភិបាលរងខណ្ឌឫស្សីកែវ លោកស្រី សួស សូលីដា និងក្រុមនិស្សិត អ.ម.ត មួយចំនួនទៀត ផងដែរ។

លោក ជា ពិសី ប្រធានក្រុមការងារទី៣ នៃសមាគមនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងជាអភិបាលខណ្ឌឫស្សីកែវ បានឆ្លៀតឱកាសនាំយកនូវការផ្ដាំផ្ញើប្រសាសន៍សាកសួរសុខទុក្ខ លោកស្រីប្រធានមន្ទីរពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី មកជូនលោកស្រីប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីជម្រាបជូនដល់បងប្អូន ដែលជាជនរងគ្រោះដោយសារគ្រឿងញៀន ដូចជា ត្រូវចេះថែទាំសុខភាព និងនៅពេលព្យាបាលជាសះស្បើយពីគ្រឿងញៀនត្រូវតែជួយឪពុក-ម្តាយកុំធ្វើឲ្យពួកគាត់ពិបាកដោយសារយើងទៀត ហើយយកចំណេះវិជ្ជា ដែលបានហាត់រៀនពី «មជ្ឈមណ្ឌលឱកាសខ្ញុំ» នេះទៅប្រកបរបរចិញ្ចឹមជីវិត និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនដាច់ខាត និងជាពិសេសនៅពេលបច្ចុប្បន្ននេះកំពុងតែមានជំងឺកូវីដ-១៩ កើតឡើង ដោយចាំបាច់បំផុត ដើម្បីបង្ការជំងឺមួយនេះ សូមឲ្យប្អូនៗក្មួយៗ សូមលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ នឹងទឹកស្អាត អាល់កុល ជាដើម មុននឹងបរិភោគអាហារ បន្ទាប់ពីចេញពីបន្ទប់ទឹក ឬយកដៃទៅប៉ះពាល់មុខ ហើយនៅពេលក្អក ឫកណ្តាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើកន្សែង ក្រមា កែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។

ប្រធានក្រុមការងារទី៣ នៃសមាគមនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងជាអភិបាលខណ្ឌឫស្សីកែវ បានផ្ដាំផ្ញើទៀតថា បើក្នុងករណីមានរោគសញ្ញាណាមួយដូចជា គ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក ក្អក កណ្តាស់ ពិបាកដកដង្ហើម ត្រូវតែទៅពិនិត្យព្យាបាលជំងឺភ្លាមៗ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ត្រូវស្វាគមន៍គ្នាដោយការគោរព ឬលើកដៃសំពះតាមទំនៀមទំលាប់ខ្មែរ ជៀសវាងការចាប់ដៃ ពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានរោគសញ្ញា ត្រូវរក្សាចំងាយសុវត្ថិភាពលើសពី១.៥ម និងតម្រូវឲ្យគាត់ពាក់ម៉ាស់ជាប្រចាំ។

សូមជម្រាបថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជននានា ដែលត្រូវបានលោក ជា ពិសី និងក្រុមនិស្សិត អ.ម.ត នាំយកមកឧបត្ថម្ភជូន «ជូនមជ្ឈមណ្ឌលឱកាសខ្ញុំ» តាមរយៈលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នាពេលនេះរួមមាន៖ អង្ករ ៥បាវ (២៥០គ.ក), ទឹកក្រូច ១០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី ៣០យួរ, ទឹកស៊ីអ៊ីវ ៣០យួរ, អាល់កុល ១កាន, ឧបករណ៍បាញ់អាល់កុលមួយចំនួន, និងថវិកា២លានរៀល(ពីរលានរៀល) ព្រមទាំងផ្តល់ជូនលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ៨០ម៉ឺនរៀល និងថវិកាបានមកពីសប្បុរសជន ១,០៥០ដុល្លារ ផងដែរ៕