(ព្រះសីហនុ)៖ បុរសជនជាតិខ្មែរ៣នាក់ និងជនជាតិបារាំង ៣៤នាក់ ដែលមានទំនាក់ទំនងជាមួយបុរសវ័យចំណាស់ ជនជាតិបារាំង២នាក់ ឆ្លង COVID-19 នៅខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល យកពួកគេទៅទុកដាក់ដាច់ដោយឡែកក្នុងសណ្ឋាគារមួយ រហូតដល់រយៈពេល១៤ថ្ងៃ ព្រមទាំងបានយកសំណាករបស់ពួកគេទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ហើយកំពុងរង់ចាំលទ្ធផល នៃមេរោគមួយនេះ។

ចំណាត់ការយកមនុស្សទាំង ៣៧នាក់ ទៅទុកដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបុរសជនជាតិបារាំង ម្នាក់អាយុ៦៧ឆ្នាំ និងម្នាក់ទៀតអាយុ ៨០ឆ្នាំ ជាអ្នកទេសចរណ៍ទៅលេងនៅខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុក COVID-19 នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហុន បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ជនជាតិបារាំង ចំនួន៣៦នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ បន្ទាប់មកពួកគេបានធ្វើដំណើរកម្សាន្ត តាមរថយន្ត ជាមួយមគ្គុទេសក៍ទេសចរណ៍ ២នាក់ និងអ្នកបើក រថយន្តម្នាក់ទៀត ជាជនជាតិខ្មែរ ឆ្ពោះមកខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

លោក គួច ចំរើន បានបញ្ជាក់ទៀតថា ក្រោយបុរសជនជាតិបារាំង២នាក់ ដែលរកឃើញផ្ទុកមេរោគ COVID-19 នោះ អាជ្ញាធរ និងមន្ត្រីចត្តាឡីស័ក បានចាប់ផ្តើមនាំមនុស្សទាំង ៣៧នាក់ ជនជាតិ បារាំង ៣៤នាក់ និងជនជាតិខ្មែរ ៣នាក់ យកទៅទុកដាច់ដោយឡែកក្នុងសណ្ឋាគារមួយ ដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុស COVID-19 បន្តទៀត។

សូមបញ្ជាក់នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥៣នាក់ហើយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសនេះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។

បុរសជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ទាំង២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

គិតត្រឹមម៉ោង៨៖០០យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ សរុបចំនួន៥៣ករណី (ស្រ្តី៤នាក់ ប្រុស៤៩នាក់) ក្នុងនោះមានជនជាតិខ្មែរ២៩នាក់ និងជនបរទេស២៤នាក់។ អ្នកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានេះ រួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ)
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ
ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។
ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល
ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ
ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។
ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម
ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា
ទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី
ទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។
ទី៥២៖ អ្នកទេសចរជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលចូលទៅខេត្តព្រះសីហនុ
ទី៥៣៖ អ្នកទេសចរជនជាតិបារាំង អាយុ៨០ឆ្នាំ ដែលចូលទៅនៅខេត្តព្រះសីហនុ៕