(កំពង់ចាម)៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមលោក យិន ស៊ីណាត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានការណែនាំរបស់ថ្នាក់ដឹកនាំខេត្តក៏ដូចជា ប្រធានមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានប្ដេជ្ញាចិត្តខិតខំបំពេញភារកិច្ចពិនិត្យ និងព្យាបាលប្រឆាំងទៅនិងជំងឺ COVID-19 និងថែរក្សាសុខភាពប្រជាពលរដ្ឋឲ្យបានល្អផងដែរ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមលោក យិន ស៊ីណាត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅខេត្តកំពង់ចាមថា «សម្រាប់ខេត្តកំពង់ចាម ចាប់តាំងពីពេលរកឃើញអ្នកផ្ទុកជំងឺ COVID-19 នេះដំបូង ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមលោក គឹមសួរ ភីរុណ បានបើកវគ្គបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យ ជាបន្តបន្ទាប់នូវជំនាញបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាល ដល់អ្នកជំងឺ»

ទន្ទឹមនឹងនេះដែរ លោកប្រធានមន្ទីរសុខាភិបាល បានធ្វើការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទូទាំងខេត្ត ក្នុងគោលបំណងជំរុញអនុវត្តកាតព្វកិច្ច ជួរមុខក្នុងការថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះជំងឺផ្សេងៗ ពិសេសជំងឺ COVID-19 នេះ។

លោកបានបញ្ជាក់ទៀតថា ទន្ទឹមទៅនឹងការប្ដេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យខេត្តកំពង់ចាម ក្នុងការបយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 លោកសូមឲ្យប្រជាពលរដ្ឋត្រូវមានការយល់ដឹងអំពីការធ្វើអនាម័យ ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកមានផ្ទុកជំងឺ COVID-19 ដែលក្រសួងសុខាភិបាលបានរកឃើញ ក្រុមគ្រូពេទ្យបានដាក់ពួកគាត់ដាច់ដោយឡែក ដើម្បីថែទាំ និងព្យាបាលជាប្រចាំ ក្នុងនោះដែរមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកដល់ពេលនេះ បានរៀបចំបន្ទប់ដាច់ដោយឡែកសម្រាប់ដាក់អ្នកជំងឺឆ្លងបានជាង ៥០បន្ទប់ហើយ។

លោក យិន ស៊ីណាត ក៏បានបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកដល់ពេលនេះ កំពុងដំណើរការពិនិត្យ និងព្យាបាលដល់អ្នកជំងឺជាប្រចាំ និងសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលមកពិនិត្យ និងព្យាបាលជំងឺជាធម្មតា សូមកុំខ្លាចការឆ្លងជំងឺ COVID-19 នោះអី ពីព្រោះអ្នកដែលមានជំងឺនោះ ខាងមន្ទីរពេទ្យបានរៀបចំគ្រប់គ្រងដាច់ដោយឡែក ដើម្បីព្យាបាលពួកគាត់ ទៅតាមបច្ចេកទេសសុខាភិបាល មិនឲ្យមានការឆ្លងរាលដាលដល់ប្រជាពលរដ្ឋ ដែលចូលមករកសេវាមន្ទីរពេទ្យនោះឡើយ។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាមទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ១០នាក់ (ជនជាតិអង់គ្លេស៣នាក់ និងម៉ាឡេស៊ី៧នាក់) ព្រមទាំងបានយកមនុស្សចំនួន ៤០នាក់ នៅឃុំចំនួន៣ ក្នុងស្រកកងមាស ទុកនៅដាច់ដោយឡែក និងបានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីរង់ចាំលទ្ធផលផងដែរ៕