(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាជិត៤០នាក់ ដែលសុទ្ធសឹងតែគ្រូពេទ្យជំនាញៗ ទទួលបានការបណ្តុះបណ្តាលជំនាញថ្មី ដែលជាការងារមនុស្សធម៌មួយ ហើយវគ្គសិក្សានោះស្តីអំពី «ការងារ​​ចុះ​ផ្សព្វផ្សាយ​អប់រំ​ចំណេះដឹង​ដល់​សហគមន៍​ និង​ការងារបច្ចេកទេស​ក្នុងប្រតិបត្តិការប្រយុទ្ធ​ប្រឆាំង​នឹងវ៉ីរុស COVID-19»។

ការបណ្តុះបណ្តាលស្តីអំពីការងារបច្ចេកទេស​ក្នុងប្រតិបត្តិការប្រយុទ្ធ​ប្រឆាំង​នឹងវ៉ីរុស COVID-19 នេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយនឹងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលដឹកនាំឡើងដោយលោក​វេជ្ជបណ្ឌិត​ កែរ​ រដ្ឋា​អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយ​រៀង ទីតាំងនៃវគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងនៅមន្ទីរខេត្តស្វាយរៀងផ្ទាល់តែម្តង។

ឱកាសនោះ លោក​វេជ្ជបណ្ឌិត​ កែរ​ រដ្ឋា​ បានឲ្យដឹងថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី​ ចំនួន​៣៧នាក់ បានយកចិត្តទុកដាក់ប្រកបដោយវិជ្ជាជីវៈ ក្នុងការចុះ​អប់រំផ្សព្វផ្សាយការបង្ការ និងការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩​ នេះខ្លាំងណាស់»

ជាមួយគ្នានោះដែរ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បាន​បញ្ជាក់ថា «ខ្ញុំសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ លោក​ស្រី​ ដែល​ជា​គ្រូ​បង្គោល ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ ដែល​បាន​ចំណាយ​ពេល​វេលា​ថ្ងៃ​ឈប់សម្រាក​ ជួយ​បណ្ដុះបណ្ដាលស្តីអំពី ការងារបច្ចេកទេស​ក្នុងប្រតិបត្តិការប្រយុទ្ធ​ប្រឆាំង​នឹងវ៉ីរុស COVID-19 ​ដល់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី យើងខ្ញុំ នាពេលនេះ»។ ​

លោក លេង ផាលី ក៏បានបញ្ជាក់បន្ថែមទៀតថា លោកក៏បានចាត់ចែងក្រុមការងាររបស់លោកទៅតាមបណ្តាខេត្តមួយចំនួន ចុះទៅបន្តផ្សព្វផ្សាយ និងការអប់រំដល់ប្រជាពលរដ្ឋអោយបានដឹង និងយល់ច្បាស់ពីផលវិបាក និងវិធីសាស្ត្រទប់ស្កាត់ ធ្វើយ៉ាងណាមិនឲ្យមានការឆ្លងនៃវ៉ីរុសកូវីដ១៩។

សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី បានអនុវត្តការងារមនុស្សធម៌ ដោយចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាលរបស់វ៉ីរុសកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយ៉ាលយល់កាន់តែច្បាស់ ពីផលប៉ះពាល់ និងវិធានការទប់ស្កាត់៕