(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា ប្រជាជនខ្មែរចំនួន ៣៦នាក់ ដែលមានទំនាក់ ទំនងជាមួយអ្នកឆ្លង COVID-19 ចំនួន ៣នាក់ នៅក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល ណែនាំឲ្យនៅដាច់ដោយឡែកពីគេ រហូតដល់រយៈពេល ១៤ថ្ងៃ ព្រមទាំងបានយកសំណាករបស់ពួកគេទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ប៉ុន្តែលទ្ធផលអវិជ្ជមានទាំងអស់។

ការណែនាំឲ្យរស់នៅដោយឡែក និងកុំឲ្យមានទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ក្នុងរយៈពេល ១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបងប្អូនខ្មែរចំនួន ៣នាក់ (២នាក់ ក្នុងចំណោមអ្នកទាំង ៧៩នាក់ មកពីម៉ាឡេស៊ី) ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុក COVID-19 កាលពីប៉ុន្មានថ្ងៃមុននេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ជា ពិសី បានបញ្ជាក់ថា «ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ក្រុមគ្រូពេទ្យចាត្តាឡីស័ក បានចុះពិនិត្យ និងយកសំណាករកមេរោគ Covid-19 លើជនជាតិខ្មែរចំនួន ៣៦នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងមេរោគមួយនេះ ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប៉ុន្តែលទ្ធផលបានបង្ហាញជាបន្តបន្ទាប់ថា គ្មានមេរោគនេះទេ»

លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនថា នៅពេលរកឃើញលើបុរស ២នាក់ ដែលឆ្លង COVID-19 នៅសង្កាត់ច្រាំងចំរេះទី១ ភ្លាមៗនោះអាជ្ញាធរ និងមន្រ្តីចាត្តាឡីស័ក បានទៅយកសំណាក មនុស្សចំនួន ៣០នាក់ ទៅធ្វើតេស្តរកមេរោគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប៉ុន្តែលទ្ធផលអវិជ្ជមាន។ បន្ទាប់មក ក្រោយរកឃើញមានមេរោគនេះ កើតលើបុរសម្នាក់ទៀតនៅសង្កាត់ច្រាំងចំរេះទី២ ភ្លាមៗនោះ អាជ្ញាធរ និងមន្រ្តីចាត្តាឡីស័ក ទៅយកសំណាកពីមនុស្សចំនួន៦នាក់ ដែលជាម្តាយក្មេក ប្រពន្ធ និងកូនៗ ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលក៏បានបង្ហាញថា អវិជ្ជមានទាំងអស់។

តែជាមួយគ្នានេះ បើតាមលោកអភិបាលខណ្ឌ សម្រាប់បងប្អូនខ្មែរទាំង ៣៦នាក់ ត្រូវបានណែនាំឲ្យពួកគេរស់នៅដាច់ឡែក និងចៀសវាងមានការប៉ះពាល់ដល់អ្នកដទៃផ្សេងទៀត ដោយរង់ចាំរហូត ១៤ថ្ងៃ។

សូមបញ្ជាក់នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥៣នាក់ហើយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសនេះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ត្រូវបានធ្វើតេស្តអវិជ្ជមានចំនួន២ដង ហើយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។

បុរសជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ទាំង២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕