(ភ្នំពេញ)៖ សំណង់របស់លោកស្រី ឯក ភិរម្យ និងប្តីឈ្មោះ ឃាម ឡុង ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលចាក់សោពីខាងក្រៅ ហ៊ុព័ទ្ធស័ង្កសីជុំវិញកម្ពស់ជាង ១០ម៉ែត្រ ហើយបន្តលួចសាងសង់ទាំងយប់ទាំងថ្ងៃ ទាំងគ្មានលិខិតអនុញ្ញាត និងរំលោភលើដីផ្លូវ ថែមទាំងរំលោភចូលដីប្រជាពលរដ្ឋ មានសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពេលនេះត្រូវបានរុះរើដកហូតយកសម្ភារចេញទាំងស្រុង ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នេះបើយោងតាមសេចក្ដីជូនដំណឹងបន្ទាន់មួយរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ សម្រាប់ប្រតិបត្តិការក្ដៅក្នុងការរុះរើសំណង់រំលោភបំពាន ទាំងគ្មានច្បាប់ទម្លាប់របស់លោកស្រី ឯក ភិរម្យ និងប្តីឈ្មោះ ឃាម ឡុង នេះ បានចាប់ផ្ដើមឡើងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨០០ ក្នុងក្រុមទី១ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី បានគូសបញ្ជាក់ថា «រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការចូលរួមសង្កេតការណ៍ពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់របស់ឈ្មោះ ឯក ភិរម្យ ដែលបានសាងសង់រំលោភលើផ្លូវលេខ១៨០០ និងចូលដីប្រជាពលរដ្ឋ ដែលមានសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងមិនមានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច»។

កន្លងមកទីតាំងលួចសាងសង់នេះ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានចាត់វិធានការចុះផ្អាកការសាងសង់ និងដកហូតសម្ភារៈជាច្រើនលើកច្រើនសារ ប៉ុន្តែបុគ្គលខាងលើនៅតែរឹងរូសលួច សាងសង់ ទាំងយប់ទាំងថ្ងៃដោយរៀបចំស័ង្កសីព័ទ្ធជុំវិញកម្ពស់ជាង ១០ម៉ែត្រ និងចាក់សោពីខាងក្រៅ។

ការចុះអនុវត្តវិធានការរដ្ឋបាលនេះដែរ បានរុះរើសំណង់របស់ឈ្មោះ ឯក ភិរម្យ រួចរាល់ជាស្ថាពរ ដើម្បីដកហូតយកដីនេះមួយផ្នែកធំមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងមួយផ្នែកតូចប្រគល់ជូន ប្រជាពលរដ្ឋ ដែលមានសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានចូលកាន់កាប់ស្របច្បាប់។

បន្ថែមពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមបញ្ជាក់បន្ថែមទៀតថា ទីតាំងដីដែលឈ្មោះ ឯក ភិរម្យ កំពុងគ្រប់គ្រងនេះ ស្ថិតក្នុងបញ្ជីប្រជាពលរដ្ឋ ចំនួន១៧៧គ្រួសារ ដែលក្រុមការងាររដ្ឋបាលខណ្ឌ បានផ្តល់សលាកបត្រជូនរួចហើយ ហើយក៏បានត្រៀមដីចំនួន០២ឡូតិ៍ (១ឡូតិ៍៤មx១៥ម) ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ជូនរង់ចាំតែប្រគល់ដីជូនគាត់ប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមសាធារណៈមតិមេត្តាជ្រាបជាព័ត៌មាន៕