(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវ និងលើកដៃសំពះប្រជាពលរដ្ឋខ្មែរ ចូលរួមទប់ស្កាត់កុំឲ្យមានការចម្លង COVID-19 ទៅក្នុងសហគមន៍ ខណៈកិច្ចការនេះប្រជាពលរដ្ឋ ត្រូវតែធ្វើជាចាំបាច់ទាំងអស់គ្នា។

តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នេះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាននូវការចម្លង ពីបុគ្គលដែលមានវីរុស COVID-19 ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឬក្រុមគ្រួសារ មិត្តភ័ក្រ្តជាដើម មានន័យថា ការចូលរួមទាំងអស់គ្នា ការពារការចម្លង COVID-19 ទើបយើងអាចមានជ័យជម្នះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវទៀតថា សុំប្រជាពលរដ្ឋទាំងអស់ ផ្តល់ទំនុកចិត្តលើក្រុមគ្រូពេទ្យនៅថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងតែសកម្ម ក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួន ប្រសិនបើបានដឹងថា លោកអ្នកធ្លាប់បានប៉ះពាល់ ជាមួយអ្នកវិជ្ជមានវីរុស COVID-19 ដើម្បីពិនិត្យសុខភាពលោកអ្នក។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ អ្នកប៉ះពាល់ប្រយោលដែលរកឃើញ នឹងចាត់ចែងឲ្យមានការតាមដានបន្ត ដោយខ្លួនឯងក្នុង រយ:ពេល១៤ថ្ងៃ។ លោកស្រីបន្ថែមថា អ្វីដែលជាការរកឃើញមកដល់ពេលនេះ គឺមានអ្នកវិជ្ជមាន វីរុស COVID-19 សរុបចំនួន៥៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ២នាក់ អ្នកឆ្លងផ្ទាល់បន្តមានតែ៣ករណី (បុរសអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប និងស្ត្រីជាភរិយា២នាក់) ពោលមិនទាន់មានការចម្លង ឬរាតត្បាតក្នុងសហគមន៍ឡើយ។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានជូនពរដល់ជនរួមជាតិទាំងអស់ សូមមានសុខភាពល្អ ជៀសផុតពីការឆ្លង COVID-19 ទាំងអស់គ្នា៕