(ភ្នំពេញ)៖ ម៉ូតូពីរគ្រឿងត្រូវបានក្រុមចោរលួចយកទៅបាត់ដោយសុវត្ថិភាព បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចគាស់ផ្ទះពេលម្ចាស់កំពុងលង់លក់ក្នុងស្បៃរាត្រីយ៉ាងសុខស្រួលនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ។

ផ្ទះដែលចាស់ចូលគាស់លួចយកម៉ូតូនេះស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះបានឱ្យដឹងថា ម៉ូតូដែលចង់លួចយកទៅបាត់នេះរួមមាន៖ ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-0030 និងមួយគ្រឿងម៉ាក់ស៊ុយស៊ូគីឡេត ពណ៌ក្រហម ពាក់ផ្លាកលេខ 1HU-8882។

ម្ចាស់ផ្ទះបានឱ្យដឹងថា ក្រោយកើតហេតុខ្លួនបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លារួចហើយកាលពីម៉ោង៩ព្រឹក។ តែរហូតមកដល់ល្ងាចថ្ងៃដដែលនេះ គេមិនទាន់បានឃើញសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីឆែកឆេរត្រួតពិនិត្យរកតម្រុយរបស់ក្រុមចោរនៅឡើយទេ។

ម្ចាស់ផ្ទះដែលត្រូវចោរលួចម៉ូតូនេះ បានទទូចដល់សមត្ថកិច្ចពន្លឿននូវការងាររបស់ខ្លួន ដើម្បីវែកមុខក្រុមចោរទាំងនេះ។ ម្ចាស់ផ្ទះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ បើបានប្រទះឃើញម៉ូតូដែលមានផ្លាកលេខដូចរៀងរាប់ខាងលើសូមរាយការណ៍ទៅលេខទូរស័ព្ទលេខ 010 202 765។ ម្ចាស់ម៉ូតូនឹងមានជូនសគុណ៕