(ភ្នំពេញ)៖ ដោយកាយវិការសុភាពទន់ភ្លន់ដ៏ប្រពៃពីសំណាក់ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបង្ហាញពីភាពស្និតស្នាល ដោយគ្មានការរើសអើង ជាមួយអាជីវករផ្សារទួលទំពូង និងអតិថិជនផ្សារទួលទំពូង ខណៈលោក និងលោកប្រធានផ្សារទួលទំពូង ចំរើន សុខលីម បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយអាជីវករ ដែលកំពុងដំណើរការលក់ដូរទំនិញនៅតាមបណ្ដាតូប ស្ដង់នីមួយៗ មានលក្ខណៈជាធម្មតាក្នុងផ្សារទួលទំពូង ស្ថិតសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ស្ថានភាពនៅផ្សារទួលទំពូង នាសព្វថ្ងៃនេះ គឺនៅតែមានបងប្អូនប្រជាជន និងភ្ញៀវអន្តរជាតិ គាត់ចេញចូលមកទិញទំនិញ ឬឥវ៉ាន់គ្រប់ប្រភេទ ព្រមទាំងមកពិសាចំណីអាហារ ដោយមានលក្ខណៈជាធម្មតា ហើយពិសេសរាល់មុខ ទំនិញ ដូចជាបន្លែបង្កា សាច់ និងវត្ថុអនុស្សាវរីយ៍ផងដែរ។

លោក ថេង សុថុល បានលើកឡើងដោយសង្កត់ធ្ងន់ថា បញ្ហាសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាជន និងអាជីវករ គឺជាកត្តាសំខាន់ហើយក៏ជាក្ដីកង្វល់ របស់អាជ្ញាធរត្រូវតែគិតគូរដោះស្រាយ។

លោកអភិបាលខណ្ឌចំការមន បានបន្តទៀតថា ផ្សារទួលទំពូងដែលគេតែងតែហៅក្រៅថា ជាផ្សារអន្តរជាតិនោះ គឺបានដំណើរការលក់ដូរទំនិញ ឬឥវ៉ាន់មានលក្ខណៈជាធម្មតា ពោលបងប្អូនអាជីវករ និងអតិថិជនដោយគាត់អញ្ជើញមកកាន់ទីផ្សារ មានចំនួនកាន់តែច្រើនជាងថ្ងៃពីម្សិលមិញ ឬថ្ងៃកន្លងមកនេះ។

មិនតែប៉ុណ្ណោះនៅផ្សារទួលទំពូងដោយ លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានគិតគូរអំពីសុវត្ថិភាពចំពោះបងប្អូនអាជីវករ និងប្រជាជនទូទៅ ដែលជាអតិថិជនផ្សារទួលទំពូង ពេលពួកគាត់ចេញចូលនៅតាមច្រកផ្សារនីមួយៗ ដោយការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងមានដាក់អាកុលលាងដៃជាប្រចាំ ដើម្បីសម្លាប់មេរោគផងដែរ ពោលគឺការពារប្រសើរជាងព្យាបាល៕