(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ ក្រុមគ្រូពេទ្យទាំងអស់ នឹងមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

គិតរហូតមកដល់យប់ថ្ងៃទី២១ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៣ករណីហើយ ក្នុងនោះមានប្រុស៤៩នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ។

រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩៕