(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស កុំប្រញាប់ស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ដោយរង់ចាំឱ្យបានរយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលជំងឺបង្កដោយមេរោគកូវីដ១៩ (COVID-19)។
ការអំពាវនាវរបស់លោក ហេង សួរ បានធ្វើឡើងនៅចំពេលប្រជាពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃ កំពុងនាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ នៅថ្ងៃនេះបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។
ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដមកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ផ្តើមចេញពីការបារម្ភខ្លាចអ្នកត្រឡប់មកពីប្រទេសថៃនេះនាំទាំងមេរោគកូវីដ១៩ មកចម្លងដល់សាច់ញាតិ និងក្រុមគ្រួសារនៅក្នុងស្រុកនេះហើយ ទើបលោក ហេង សួរ ចេញមកអំពាវនាវកុំឱ្យមានទំនាក់ទំនងស្និទ្ធស្នាលរវាងអ្នកត្រឡប់មកពីប្រទេសថៃជាមួយក្រុមគ្រួសារ និងសាច់ញាតិ។
លោក ហេង សួរ បានអំពាវនាវនៅលើទំព័រ Facebook យ៉ាងដូច្នេះ «បងប្អូនដែលទើបមកពីខេត្តឆ្ងាយ ឬបរទេស មេត្តាកុំអាលស្និទ្ធស្នាលជាមួយក្រុមគ្រួសារពេក! សូមរង់ចាំ ១៤ថ្ងៃសិន ប្រសិនជាអ្នកស្រឡាញ់គ្រួសារអ្នក»។
ពាក់ព័ន្ធនឹងពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃនេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង លោកស្រី ឱ វណ្ណឌីន បានចេញមកអំពាវនាវផងដែរ ដល់អ្នកត្រឡប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារនោះទេ។ បន្ថែមពីលើនោះ ត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការចម្លងមេរោគកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋានចូលរួមទប់ស្កាត់ការចម្លងមេរោគនេះ តាមរយៈស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ហើយណែនាំឱ្យពួកគាត់អនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញនោះ។
លោកស្រីអ្នកនាំពាក្យ បានអំពាវនាវទៅកាន់អ្នកទើបត្រឡប់មកពីថៃ ត្រូវតាមដានសុខភាពរបស់ខ្លួន បើមានអ្វីខុសប្រក្រតី ឬមានរោគសញ្ញាណាមួយសង្ស័យពាក់ព័ន្ធជំងឺបង្កដោយមេរោគកូវីដ១៩ សូមប្រញាប់ទាក់ទងទៅកាន់ក្រុមគ្រូពេទ្យ ឬរាយការណ៍តាមលេខទូរស័ព្ទ ១១៥។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអនុវត្តន៍វិធាន និងដំបូន្មានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងសហគមន៍ ឬនៅក្នុងភូមិឋានដែលខ្លួនរស់នៅ៕