(ភ្នំពេញ)៖ ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល គំាទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។

ពិធីនេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក កៅ ថាច អគ្គនាយក នៃធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ដែលរៀបចំធ្វើឡើង នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

អ្នកតំណាងសមាគម អ្នកផលិតចំណីអាហារកម្ពុជា លោក មៀវ សុខទ្រី បានវាយតម្លៃខ្ពស់ លើការរួមចំណែកលើការងារ សហការផ្តល់ព័ត៌មាន ស្តីពីសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់ខ្លួន មានសក្តានុពលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងចង់ពង្រីកអាជីវកម្ម ដើម្បីជាធាតុចូល សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិចារណាផ្តល់ឥណទាន តាមអត្រាការប្រាក់ទាប គំាទ្រការពង្រីកសកម្មភាពអាជីវកម្ម។

លោកអគ្គនាយក ក៏បានលើកឡើង អំពីតួរនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ ជាតួនាទីជាអន្តរការីករ ទទួលនូវកិច្ចការគ្រប់គ្រង និងអនុវត្តនូវគម្រោងហិរញ្ញប្បទាន ជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។

លោកបានបញ្ជាក់ផងដែរថា តាមការរំពឹងកញ្ចប់ហិរញ្ញប្បទាន ពិសេស៥០លានដុល្លារអាមេរិកនេះ នឹងជួយដល់សហគ្រាស ប្រមាណជាង៥០០នៅកម្ពុជា អាចពង្រីកខ្លួន ក៏ដូចការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួន ស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ។

លោកក៏បានលើកឡើង អំពីការកំណត់លក្ខខណ្ឌ តម្រូវមួយចំនួនដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមគោលដៅ ដើម្បីអាចទទួលបានឥណទាន រហូតដល់ ៣០០,០០០ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប៦ភាគរយ ប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៦.៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) រួមមាន៖ គម្រោងពង្រីកអាជីកម្ម អាចបង្កើតការងារថ្មីបន្ថែមពី៥ ដល់៣០កន្លែងយ៉ាងតិច, ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទាន សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្មជាដើម។

ឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យ ធានាបំណុលក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ)។

ធនាគារ ក៏នឹងធ្វើការសម្របសម្រួលបណ្តុះបណ្តាល រៀបចំផែនការអាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជាការតភ្ជាប់ទីផ្សារដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ទន្ទឹមការផ្តល់ឥណទានផងដែរ។

សូមបញ្ជាក់ផងដែរ ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ជាមួយសមាគមនចំនួន០៣រួចមកហើយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នំា២០២០ រួមមាន៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងសមាគមអ្នកវិនិយោគកម្ពុជា (CIC)។

ការចុះអនុស្សារណៈទំាងនេះ មានគោលបំណង ផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ រហូតដល់៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទាន ដែលមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA៕